នាយក ILO ប្រចាំអាស៊ីប៉ាស៊ីហ្វិក នៅតែបន្តសហការជាមួយកម្ពុជាក្នុងការជំរុញវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ស្វីល ៖ នាថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយលោកស្រី​ Tomoko NISHIMOTO ជំនួយការអគ្គនាយក​ និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ​ ILO នៅទីស្នាក់ការកណ្តាលអង្គការ​ ILO ទីក្រុងហ្សឺណែវ​ ប្រទេសស្វីស។

ក្នុងឱកាសនេះលោកស្រីបានសម្តែងនូវការស្វាគមន៍​ និងអរគុណចំពោះលោករដ្ឋមន្រ្តី​ និងគណៈប្រតិភូ​ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី​សន្និសីទអន្តរជាតិខាងការងារ​លើកទី១០៨​ ក្រោមប្រធានបទ​ អបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារនាពេលនេះ។

លោកបណ្ឌិត អ៊ិត សំហេង បានជម្រាបជូនថា ការប្រារព្ធខួប១០០ឆ្នាំ នៃភ្នាក់ងារឯកទេសខាងការងាររបស់អង្គការសហប្រជាជាតិ ដែលមានវ័យចំណាស់មួយនេះ ជាការឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់អង្គការ ILO ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម និងបង្កើតឱកាសការងារសម្រាប់ជនគ្រប់រូប នាពេលកន្លងមក។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជាច្រើនក្នុងឆ្នាំ២០១៩នេះ ដើម្បីចូលរួមអបអរសាទរខួប ១០០ឆ្នាំ របស់អង្គការ ILO ដែលវាក៏ស្របគ្នានឹងខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការ ILO​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ កាលពីពេលថ្មីៗកន្លងទៅ។

ក្នុងជំនួបនេះលោករដ្ឋមន្រ្តី​ ក៏បានជម្រាបជូនលោកស្រី​នាយក នូវស្ថានភាពទូទៅអំពីវឌ្ឍនភាពវិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះ និងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ​ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំកន្លងមក​ ទទួលបានជោគជ័យ​ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាបន្តបន្ទាប់​ ហើយកម្ពុជានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO ក្នុងការបន្តបេសកកម្មរបស់អង្គការ ILO ក្នុងបរិបទថ្មី​បន្ថែមទៀត​ ដើម្បីសម្រេចបាននូវផែនទីបង្ហាញផ្លូវរបស់ILO និងផែនការសកម្មភាពរបស់កម្ពុជា​ ប្រកបដោយប្រសិទ្ធភាព។

លោកស្រីនាយក​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រារដ្ឋាភិបាលកម្ពុជា​ ក្នុងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា​ និងកោតសរសើរចំពោះការរៀបចំខួបរបស់ ILO នៅកម្ពុជា​បានល្អប្រសើរ។ ព្រមជាមួយនេះ​ ILO នឹងបន្តកិច្ចសហការជាមួយកម្ពុជាបន្តទៀត​ ​ដើម្បីបង្ហាញសាធារណជនបានដឹងអំពីភាពវិជ្ជមាននៃកិច្ចសហការគ្នាប្រកបដោយនិរន្តរភាព៕