ដីសាលាបឋមសិក្សាហ៊ុនសែនក្រុងត្រូវបានរំលោភចែកជាឡូត៍យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យ

ខេត្តព្រះសីហនុ ៖ ខណៈពេលដែលដីឡើងថ្លៃនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះមានមតិមហាជនបានលើកឡើងថា ដីនៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងត្រូវបានគេឃុបឃិតគ្នារំលោភចែកជាឡូត៍ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

កន្លងមករដ្ឋបាលខេត្តព្រះសីហនុបានចេញ សជណ លេខ១០១ ជម្រាបមកលោកនាយក និងលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ដែលករណីសំណើសុំដីទំនេរដែលសល់ពីការធ្វើរបងក្បែរអណ្ដូងអ៊ុនតាក់មកធ្វើជាកម្មសិទ្ធិរបស់លោកគ្រូអ្នកគ្រូចំនួន៤៤នាក់ ដែលរដ្ឋបាលខេត្តព្រះសីហនុបានចាត់ឲ្យក្រុមការងារជំនាញចុះពិនិត្យវាស់វែងទីតាំងដីជាក់ស្ដែងឃើញថា ទីតាំងដីដែលលោកគ្រូអ្នកគ្រូបានស្នើសុំនេះគឺស្ថិតក្នុងទំហំដីជាកម្មសិទ្ធិរបស់សាលាបឋមសិក្សា ហ៊ុន សែន ក្រុង ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុលេខ១៨០១០៣០២-១១៦២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។ ដូច្នេះរដ្ឋបាលខេត្តពុំអាចផ្តល់ទីតាំងដីនេះជូនលោកគ្រូ អ្នកគ្រូ ធ្វើជាកម្មសិទ្ធិឯកជនបានទេ។ ប៉ុន្តែសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តហាក់បីដូចជាពុំមានប្រសិទ្ធភាពទាល់តែសោះ ដោយលោកគ្រូ អ្នកគ្រូទាំងអស់កំពុងតែចុះវាស់វែងចែកដីធ្វើជាកម្មសិទ្ធិនៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

តាមប្រភពបានបញ្ជាក់ផងដែរថា ប្រហែលជាមានការឃុបឃិតរវាង ប្រធានមន្ទីរអប់រំយុវជន និងកីឡានាយកសាលារួមជាមួយលោកគ្រូអ្នកគ្រូ ទើបធ្វើឲ្យមានការបែងចែកដីឡូត៍របស់សាលាដែលជាដីរបស់រដ្ឋ មានការសង់ផ្ទះ និងបែងចែកជាឡូត៍យ៉ាងអនាធិបតេយ្យដូចនេះ។

ជុំវិញករណីលោកគ្រូអ្នកគ្រូដែលចាប់ដីសាលាបឋមសិក្សាហ៊ុនសែនខាងលើនេះ លោកនាយកសាលាបានឲ្យដឹងថា គឺលោកពុំមានការឃុបឃិតនោះឡើយ ហើយលោកក៏បានណែនាំដល់លោកគ្រូអ្នកគ្រូទាំងអស់នោះបញ្ឈប់សកម្មភាព ព្រោះថា ដីនេះជាដីរបស់រដ្ឋមិនអាចឲ្យទៅបុគ្គលណាបានឡើយ  ហើយលោកក៏បានធ្វើរបាយការណ៍ជូនទៅមន្ទីរអប់រំយុវជន និងកីឡាក៏ដូចជាអាជ្ញាធរក្រុងខេត្តដើម្បីជូនជ្រាបផងដែរ។

លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុក៏បានលើកឡើងផងដែរថា ជុំវិញករណីលោកគ្រូអ្នកគ្រូចំនួន៤៤នាក់បានស្នើសុំមកមន្ទីរសុំដីរបស់សាលានោះគឺលោកមិនអនុញ្ញាតនោះទេ ព្រោះដីនេះជាដីរបស់សាលា និងជាដីរបស់រដ្ឋ ហើយលោកក៏បានបដិសេធជុំវិញបញ្ហាការ លើកឡើងថា មានការឃុបឃិត ពីមន្ទីរអប់រំជាមួយនឹងលោកគ្រូ អ្នកគ្រូ ក្នុងការចែកដីរបស់រដ្ឋនោះដែរ ហើយជុំវិញបញ្ហានេះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានចុះមកពិនិត្យទីតាំងជាក់ស្ដែង និងពន្យល់ណែនាំទៅដល់លោកគ្រូអ្នកគ្រូដែលមានបំណងស្នើសុំចង់បានដីរបស់សាលានោះក៏លោកមិនអនុញ្ញាតដែរព្រោះដីនេះជាដីជាប់អាំងទែរបស់រដ្ឋ។

ទោះបីមានការបដិសេធក្នុងការស្នើសុំរបស់លោកគ្រូអ្នកគ្រូទាំង៤៤ នាក់ពីនាយកសាលារហូតដល់អាជ្ញាធរខេត្តយ៉ាងណាក៏ដោយក៏គេសង្កេតឃើញថា ដីនៅទីតាំងដែលកំពុងតែមានការ រំលោភនេះកំពុងតែបន្តធ្វើសកម្មភាពដូចជាការកសាងផ្ទះ និងបែងចែកជាឡូត៍ៗកំពុងតែបន្តសកម្មភាពរបស់ខ្លួនដោយមិនមានការខ្លាចញញើតជាមួយនឹងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរនោះឡើយ។

ដូចនេះជុំវិញបញ្ហាការរំលោភបំពានដីរបស់សាលានេះ បើអាជ្ញាធរនៅតែបណ្ដែតបណ្ដោយមិនមានការដោះស្រាយនោះទេធ្វើឲ្យមតិមហាជនក៏ដូចជាលោកគ្រូអ្នកគ្រូដែលនៅសាលាផ្សេងៗទៀតក៏អាចនឹងមានការកើតឡើងក្នុងការរំលោភបំពានដីរបស់សាលាដូចសាលាបឋមសិក្សាហ៊ុនសែនក្រុងនេះដែរព្រោះថា ដីរបស់សាលាគឺមានទីធ្លាធំទូលាយស្ទើរតែគ្រប់ទីកន្លែងដូចនេះបើអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់នោះទេនឹងជួបបញ្ហានៅសាលាផ្សេងៗទៀតជាក់ជាមិនខាន៕ ដោយ ៖ តឹង សុភាព