ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ អធិការនគរបាលខណ្ឌថ្មី ២រូប រួមមានខណ្ឌកំបូល និងខណ្ឌបឹងកេងកងត្រូវបានរាជរដ្ឋាភិបាល ទើបនឹងបង្កើតថ្មីនោះ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ ក្រោយពេលដែល អភិបាលខណ្ឌថ្មីទាំង៣រូប ត្រូវបានប្រកាស កាលពីថ្ងៃទី ២២ មេសា ២០១៩ នៅ សាលារាជធានីភ្នំពញ កាលពីពេលកន្លងទៅ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ។

ក្រៅពីពិធីប្រកាសតែងតាំង អធិការនគរបាលខណ្ឌទាំង២រូបខាង លើនេះ ក៏មានការប្រកាស តែងតាំងនិងប្រ គល់ភារកិច្ចថ្មី ព្រមទាំងបំពាក់ឋាន្ដរស័ក្ដិជូន ដល់មន្ដ្រីនគរបាលជាច្រើន នាក់ផ្សេងទៀត មានថ្នាក់វរសេនីយ៍ឯក ថ្នាក់វរសេនីយ៍ទោ ថ្នាក់វរសេនីយ៍ត្រី ថ្នាក់អនុសេនីយ៍ឯក និង ថ្នាក់អនុសេនីយ៍ទោ ជាដើម។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានជំរុញឱ្យមន្ដ្រីនគរបាលនគរបាល ជាពិសេសអធិការ នគរបាលខណ្ឌទាំង២រូប ត្រូវខិតខំបំពេញការងារតាមបទបញ្ជាថ្នាក់លើ តបទៅនឹងអ្វីដែលទទួលបានការតែងតាំងនេះ។

សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ទោ ហង្ស មុនី អត្តលេខ ១៣១៦២ ទទួលបានមុខតំណែងថ្មី ពីអធិការរងនៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខទៅជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌកំបូល។ ដោយឡែក លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អត្តលេខ ១៧៥២៦ ទទួលបានមុខតំណែងថ្មី ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទៅជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៕