លោក ស៊ុន ចាន់ថុល ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​​ពិនិត្យ​ឡើងវិញ ការ​សាងសង់​ផ្លូវជាតិ​លេខ៣ ពី​កំពត-វាលរេញ

ខេត្ត​កំពត ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​កំណត់​ឲ្យ​ក្រុមហ៊ុន​ជួសជុល និង​សាងសង់​កំណាត់ផ្លូវ​ជាតិ​លេខ៣ ពីទី​រួមខេត្ត​កំពត​ទៅរង្វង់មូល​វាលរេញ ពិនិត្យ​និង​កែតម្រូវ​ឡើងវិញ​ឲ្យបាន​ត្រឹមត្រូវ​តាមបទដ្ឋាន​បច្ចេកទេស ទើប​ក្រសួង​អាច​ទទួល​យក​បាន។

ការ​ថ្លែង​នេះ ធ្វើឡើង​កាលពីថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ពេល​ដែល​លោក​បាន​អញ្ជើញ​ដឹកនាំ ក្រុម​ការងារ​បច្ចេកទេស និងមន្ត្រី​ជាន់ខ្ពស់​ក្រសួង ​ចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ៣ ចាប់ពី​ទីរួមខេត្ត​កំពត ទៅរង្វង់​មូល​វាលរេញ ដែល​កំពុង​ជួសជុល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត និង​ខេត្ត​ព្រះ​សីហនុ។
កំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ និងលេខ៣) មានប្រវែងសរុប ៥៤,៣០ គម ស្ថិតក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញ ជាប្រភេទផ្លូវបេតុង កៅស៊ូ (AC)។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ អនុវត្តគម្រោងមានរយៈពេល១៨ ខែ និងថែទាំប្រចាំរយៈពេល៣៦ខែ ចំណាយថវិកា ប្រមាណ ១២,០៦១លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក បច្ចុប្បន្ន គម្រោងផ្លូវនេះអនុវត្តការជួសជុល និងសាងសង់សម្រេចបាន ៦៧,៥០%ហើយ និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ការចុះត្រួតពិនិត្យនេះ ក្រសួងបានរកឃើញថា៖ ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនទាន់ស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែល បានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ដែលត្រូវចាត់វិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានដាក់កំហិតឲ្យក្រុមហ៊ុនពិនិត្យ និងកែតម្រូវឡើងវិញឲ្យ បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋ មន្ត្រីបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានា គុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងសម្រាប់បម្រើដល់ភាពងាយស្រួល ក្នុងជីវភាពរស់នៅ និងការធ្វើដំណើរទៅមកព្រមទាំងប្រកបអាជីកម្មផ្សេងៗផងដែរ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរយើង “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ”៕