រដ្ឋមន្ត្រីក្រសួងសាធារណការព្រមានបិទក្រុមហ៊ុនដឹកទំនិញលើសទម្ងន់ដែលហាមមិនស្តាប់

ខេត្តកំពត ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ក្រសួងសាធារណការនៅតែបន្តរឹតបន្តឹងចំពោះរថយន្តដឹកទំនិញទាំងឡាយណា ដែលនៅតែបន្តដឹកទំនិញដោយល្មើសច្បាប់កំណត់។ ទន្ទឹមនោះលោករដ្ឋមន្ត្រីបានព្រមានថា នឹងបិទក្រុមហ៊ុនចោលតែម្តង បើក្រុមហ៊ុននោះនៅតែបន្តដឹកលើសទម្ងន់ហាមមិនស្តាប់នោះ។

ការថ្លែងព្រមានបិទក្រុមហ៊ុនដឹកជញ្ជូនលើសទម្ងន់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងពេលចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៤១, លេខ៣១, លេខ៣៣ និងលេខ៣ សិក្សា និងពិនិត្យមើលពីស្ថានភាពផ្លូវ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ តទៅក្រសួងសាធារណការ និងចាប់ផ្តើមអនុវត្តន៍ការត្រួតពិនិត្យរថយន្តដឹកទំនិញចេញពីកំពង់ផែភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយបើឡានមិនបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ត្រឹមត្រូវ ហើយអ្នកបើកបរបើមិនមានប័ណ្ណបើកកបរទេ គឺមិនអនុញ្ញាតឱ្យបើកចេញពីកំពង់ផែទាំង២កន្លែងហ្នឹងទេ ព្រោះតែកត្តាទាំងនេះហើយ ដែលជាដើមហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ឈប់ចាប់រថយន្តដឹកលើសទម្ងន់តាមដងផ្លូវទៀតហើយ គឺទៅចាប់ឱ្យដល់គោលដៅតែម្តង៕