កាប់ប្រពន្ធរបួសធ្ងន់បញ្ជូនទៅពេទ្យ ស្មានប្រពន្ធស្លាប់ រត់គេចមកផ្ទះវិញអារកសម្លាប់ខ្លួនឯង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ឈ្លោះគ្នាដោយភ្លើងបប្រច័ណ្ឌបានកាប់ប្រពន្ធឲ្យរបួសធ្ងន់រួចបញ្ជូនទៅពេទ្យព២ ស្មានប្រពន្ធស្លាប់ រត់គេចមកផ្ទះវិញអារកសម្លាប់ខ្លួនឯង ដែលករណីនេះកើតឡើងនៅវេលាម៉ោង ១៧ និង៤០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនបង្កជាប្តីមានឈ្មោះ រ៉ាត់ ចិត្រា អាយុ២៨ឆ្នាំ មានទីលំនៅកើតហេតុខាងលើបានប្រើហិង្សាកាប់ទៅលើប្រពន្ធឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពពីរ)។ ក្នុងខណៈពេលនោះប្ដីស្មានថា ប្រពន្ធខ្លួនបានស្លាប់ ក៏រត់ទៅផ្ទះខ្ចីកូនកាំបិតអ្នកជិតខាង រួចអារកសម្លាប់ខ្លួនឯងតែម្ដងទៅ។

បើតាមការបំភ្លឺរបស់សាក្សីឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ៤៧ឆ្នាំបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង២០នាទី ពេលខ្លួនកំពុងអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូន ស្រាប់តែ ឈ្មោះ រ៉ាត់ ចិត្រា បានដើរមកផ្ខះរបស់ខ្លួន ហើយបានខ្ចីកាំបិត ខ្លួនសួរថា យកកាំបិតធ្វើអី  វាប្រាប់ថា ធ្វើទូរស័ព្ទ ហើយក៏ដើរមកជិតកាំជណ្ដើរផ្ទះ រួចស្រាប់តែអារកខ្លួនឯងស្លាប់តែម្ដងទៅ។

បច្ចុប្បន្នសពជនបង្កជាប្តីត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕