ចិន ៖ បាតុកម្ម​នៅ​ហុងកុង​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន ជា​ទង្វើ​គ្មាន​ច្បាប់ទម្លាប់​

ហុងកុង​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សារព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍ ថា បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង​តវ៉ា​ប្រឆាំង នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ថ្មី​តាម​គ្រោងទុក​ជាមួយ​ចិនដីគោក កំពុងតែ​ជាន់ឈ្លី​កេរ្តិ៍​ទីក្រុង​មួយ​នេះ ហើយ​ទង្វើ​គ្មាន​ច្បាប់ទម្លាប់​ទាំងនេះ កំពុងតែ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការគ្រប់គ្រង​ច្បាប់​។​

​ក្រុម​អាជ្ញាធរ​បាន​បិទ​ការិយាល័យ​រដ្ឋាភិបាល នៅក្នុង​ស្រុក​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ហុងកុង ក្រោយ​អំពើហិង្សា​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​ដែល​កើតមាន នៅក្នុង​ទីក្រុង​មួយ​នេះ​នា​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោច ៧២​នាក់​រងរបួស​។

​ក្រុមបាតុករ​បាន​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​ការិយាល័យ​រដ្ឋាភិបាល ជា​កន្លែង​ដែល​ក្រុមនគរបាល និង​ក្រុមបាតុករ​បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ពុធ​។ ក្រុមបាតុករ​មានការ​ខឹងសម្បារ​ខ្លាំងណាស់ ចំពោះ​ផែនការ​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ដល់​ចិនដីគោក សម្រាប់​ឧក្រិដ្ឋករ​ដែល​រត់គេច​ខ្លួន​មក​រស់នៅ​ហុងកុង ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​មួយចំនួន​បានលើកឡើង​ពី​ការ​ក្តីកង្វល់ ចំពោះ​ប្រព័ន្ធតុលាការ​ដ៏​តឹងរឹង​របស់​ចិន ដែល​អាច​នាំ​ឲ្យ​មាន​ការធ្វើ​ទារុណកម្ម​នៅពេល​សួរចម្លើយ ក៏ដូចជា​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​ទោសកំហុស​ជាដើម​។​

​ទោះ​មានការ​ជំទាស់​សកល​យ៉ាងណាក្តី រដ្ឋបាល​ទីក្រុង​ហុងកុង​មិនបាន​ដកខ្លួន ចេញពី​គម្រោងការ​មួយ​នេះ​នោះឡើយ​ ដោយ ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​របស់​ទីក្រុង​ហុងកុង បាន​ពន្យារពេល​ការអាន​ជា​លើក​ទី​២ លើ​ពង្រាងច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ជម្លោះ​មួយ​នេះ​រួចទៅហើយ​៕