កិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃពុត ១០កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំ “អគារឃ” សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២នៅទន្លេវ៉ៃគោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលាខាងមុខនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រេីនរូបទៀត ។

បន្ទាប់ពីឯកឧត្តម  លោកជំទាវ  ប្រធានអនុគណៈកម្មការនីមួយៗ  បានលេីកឡេីងពីវឌ្ឍនភាពការងាររបស់ខ្លួន  ឯកឧត្តមអភិបាលខេត្ត បានណែនាំជំរុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ត្រូវពិនិត្យនិងអនុវត្តឲ្យបានរួចរាល់ជាស្ថាពរមុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក៕