ខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់ព្រះជន្មាយុ ៨៣ យាងចូល ៨៤ព្រះវស្សា

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ ៨៣ យាងចូល ៨៤ព្រះវស្សា ត្រូវបានប្រារព្ធឡើង នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមវត្តមានលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី លោក ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទ
ក្រហមកម្ពុជាខេត្ត និងលោកស្រី កែ ច័ន្ទមុនី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋនិង បងប្អូនខ្មែរឥស្លាមក្នុងខេត្តកំពង់ឆ្នាំង សរុប ២៨៧ អង្គ/នាក់។

ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានអានសារថ្វាយព្រះពរដោយមានខ្លឹមសារថាៈ ទូលបង្គំជាខ្ញុំក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុតនៃទិវាប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងពេលនេះ។

ក្នុងទិវាដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិវនន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមរតនកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់បំពេញព្រះរាជកិច្ចក្នុងព្រះនាមជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទទួលបានព្រះមហាជោគជ័យ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះវររាជមាតានៃប្រជារាស្រ្តខ្មែរ ជានិច្ចនិរន្តរ៍តទៅ។

នៅក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំបានថ្វាយកន្រ្តក់ដល់សម្តេចម៉ែ និងបានរាប់បាតប្រគេនព្រះសង្ឃ និងឧបត្ថម្ភថវិកាដល់យាយជីតាជីទាំងអស់ដែលបានចូលរួមផងដែរ៕