សម្ដេចតេជោ និងនាយករដ្ឋមន្ត្រីហុងគ្រីអញ្ជើញចុះហត្ថលេខារួមគ្នាលើឯកសារចំនួន០៣​​

ហុងគ្រី ៖  ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីសំណាក់សមភាគីនាយករដ្ឋមន្ត្រីហុងគ្រី លោក វីទ័រ អូបេន (Viktor Orban) នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស ដែលជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី)។

ក្នុងជំនួបកំពូលដ៏មានតម្លៃនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសទាំង២ ឲ្យកាន់តែខ្លាំងក្លា និងស្អិតរមួតបន្ថែមទៀត។

បន្ទាប់ពីបញ្ចប់ជំនួបកំពូលរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានអញ្ជើញចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និង​អនុស្សារណៈសំខាន់ៗចំនួន០៣ ក្នុងនោះរួមមាន ៖

១)កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

២)កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាង​ក្រសួងអប់រំយុវជននិងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់​ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២

៣)អនុស្សារណៈ​ នៃការយោគយល់គ្នា ស្តីពីកិច្ច​សហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍​កម្ពុជា ជាមួយសាកលវិទ្យា​ល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បាន ចុះហត្ថលេខាផងដែរ៕