




អារ៉ាប៊ីសាអ៊ូឌីតស្ទាក់ចាប់យន្តហោះដ្រូន៥គ្រឿងដែលបង្ហោះដោយពួកឧទ្ទាមយេមែន

អារ៉ាប៊ីសាអ៊ូឌីត ៖ ក្រុមចម្រុះយោធាដឹកនាំដោយទីក្រុងរីយ៉ាដបាននិយាយថា កងកម្លាំងអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃសុក្របានស្ទាក់ចាប់យន្តហោះដ្រូនចំនួនប្រាំគ្រឿងដែលបង្ហោះដោយពួកឧទ្ទាមយេមែនសម្ព័ន្ធអ៊ីរ៉ង់នៅក្នុងការវាយប្រហារលើកទីពីរលើព្រលានយន្តហោះមួយនៅភាគនិរតីប្រទេសក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។
ក្រុមចម្រុះនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអ៊ូឌីតថា យន្តហោះដ្រូនទាំងនេះបានកំណត់គោលដៅលើព្រលានយន្តហោះ Abha ដែលជាកន្លែងមីស៊ីលមួយគ្រាប់របស់ពួកឧទ្ទាមបានបណ្តាលឲ្យជនស៊ីវិលចំនួន២៦នាក់រងរបួសកាលពីថ្ងៃពុធនិងទីក្រុង Khamis Mushait នៅក្បែរនោះដែលជាកន្លែងមានមូលដ្ឋានអាកាសដ៏ធំមួយ។
សេចក្តីថ្លែងការណ៍របស់ក្រុមចម្រុះបាននិយាយទៀតថា “កងកម្លាំងការពារដែនអាកាសនិងកងទ័ពអាកាសអារ៉ាប៊ីសាអ៊ូឌីតបានស្ទាក់ចាប់និងបំផ្លាញយន្តហោះដ្រូនចំនួនប្រាំគ្រឿងដែលបង្ហោះដោយកងជីវពល Huthi ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិ Abha និងទីក្រុង Khamis Mushait”។ សេចក្តីថ្លែងការណ៍នេះមិនបានលើកឡើងពីអ្នកស្លាប់និងរបួសទេ។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ អាកាសយានដ្ឋានបានដំណើរការជាធម្មតាដោយគ្មានការបង្អាក់ការហោះហើរឡើយ។ពួកឧទ្ទាមដែលបានប្រឈមមុខនឹងការទម្លាក់គ្រាប់បែកដោយក្រុមចម្រុះចាប់តាំងពីខែមីនាឆ្នាំ២០១៥មកដែលបានបង្កឲ្យមានចំនួនជនស៊ីវិលស្លាប់យ៉ាងធ្ងន់ធ្ងរនោះគឺបានបង្កើនការវាយប្រហារដោយមីស៊ីលនិងយន្តហោះដ្រូនឆ្លងកាត់ព្រំដែននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ការវាយប្រហារមីស៊ីលកាលពីថ្ងៃពុធបានវាយចំព្រលានយន្តហោះស៊ីវិលនៅក្នុងរមណីយដ្ឋានភ្នំ Abha ដែលជាច្រកចេញរដូវក្តៅសម្រាប់ជនជាតិអារ៉ាប៊ីសាអ៊ូឌីតដែលស្វែងរកការរត់គេចពីរលកកំដៅក្នុងទីក្រុងរីយ៉ាដឬទីក្រុងចេដា៕