ប្រកាសចូលកាន់មុខតំណែងថ្មី ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៣ចំនួន១៧រូប

ខេត្តស្ទឹងត្រែង ៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី៣ចំនួន១៧រូប នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រូវបានប្រកាសចូលកាន់មុខតំណែង ក្រោមវត្តមានលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែង ក៏និងមានការអញ្ជើញចូលរួម ពីតំណាងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត-ក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ ។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានដាស់តឿន ដល់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ព្រមទាំងគណៈអភិបាលខេត្ត ក្រុង ស្រុកនិងឃុំ/សង្កាត់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចំពោះប្រទេសជាតិ និងត្រូវផ្តោតការយកចិត្តទុកដាក់ បន្តផ្តល់សេវាសាធារណៈការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។

លោករដ្ឋលេខាធិការ បានសម្តែងការសាទរ ចំពោះក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៣ ដើម្បីបន្តការចូលរួមចំណែកដឹកនាំខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត ។ លោកថា ការបោះឆ្នោត គឺជាការប្រកួតប្រជែងខាងនយោបាយ គណបក្សដែលសកម្មបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវបានទទួលសំឡេងគាំទ្រច្រើន ចំណែកគណបក្សមិនសូវសកម្ម គឺបានទទួលការគាំទ្រតិច គឺពុំមានអ្នកចាញ់ និងអ្នកឈ្នះឡើយ ព្រោះអ្នកឈ្នះពិតប្រាកដ គឺប្រជាពលរដ្ឋ។

លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី៣ និងជាតំណាងឲ្យក្រុមប្រឹក្សាខេត្តទាំងអស់ ដែលទើបជាប់ឆ្នោត បាន ប្តេជ្ញាការពារអធិបតិយ្យភាព បូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ឋិតថេរ និងគោរពអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសខិតខំបំពេញភារកិច្ចរបស់ខ្លួន បម្រើផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ដោយចាត់ចែងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយប្រតិបត្តិតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន៕ ដោយ ៖ ម៉ាវិន