អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders នឹង​ចាកចេញ​នៅ​ចុងខែ​នេះ​

អាមេរិក ៖ លោក​ប្រធានាធិបតី​អាមេរិក Donald Trump បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders នឹង​ចាក​ចេញពី​សេត​វិមាន​នៅ​ចុងខែ​នេះ​។ ​លោកស្រី Sanders គឺជា​ជំនួយការ​ដ៏​ស្មោះត្រង់​បំផុត​ម្នាក់​របស់លោក Trump ហើយ​តែងតែ​នៅ​ខាង​គាត់​ក្នុងអំឡុងពេល​២​ឆ្នាំកន្លះ​នៅ​សេត​វិមាន​និង​អំឡុង​ពេលមុន​យុទ្ធនាការ​បោះឆ្នោត​។​

​លោក Trump បានប្រកាស​ពី​ការចាកចេញ​របស់លោក​ស្រី Sanders នៅក្នុង​ការ​បង្ហោះ Twitter មួយ​ប៉ុន្តែ​មិនបាន​បង្ហាញ​ឈ្មោះ​អ្នក​ដែល​ត្រូវ​ជំនួស​លោកស្រី​ទេ​។ ​លោក Trump បាន​និយាយថា “​បន្ទាប់ពី​រយៈពេល​៣​ឆ្នាំកន្លះ​, លោកស្រី Sarah Huckabee Sanders នឹង​ចាក​ចេញពី​សេត​វិមាន​នៅ​ចុងខែ​នេះហើយ​វិលត្រឡប់​ទៅផ្ទះ​នៅ​រដ្ឋ Arkansas”​។ លោក​បាន​បន្ថែមថា លោក​សង្ឃឹមថា លោកស្រី​នឹង​ឈរឈ្មោះ​សម្រាប់​តំណែង​អភិបាល​នៃ​រដ្ឋ​របស់​លោកស្រី​។​

​លោកស្រី​ទទួលបាន​កេរ្តិ៍ឈ្មោះ​ដោយសារតែ​ការប៉ះទង្គិច​គ្នា​ជាមួយ​អ្នកកាសែត​ណា​ដែល​លោកស្រី​រកឃើញថា​មានការ​រិះគន់​ខ្លាំងក្លា​។ ជារឿយៗ លោកស្រី​បាន​គាំទ្រ​ការវាយប្រហារ​របស់លោក Trump ទៅលើ​ការផ្សព្វផ្សាយ​មិន​សមរម្យ​ថា​ជា “​ព័ត៌មាន​ក្លែងក្លាយ​”​។​នៅក្នុង​ព្រឹត្តិការណ៍​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស្តីពី​ការធ្វើសមាហរណកម្ម​ចូលទៅក្នុង​សង្គម​សម្រាប់​អតីត​អ្នកទោស​, Trump បានលើកឡើង​ពី​លោកស្រី Sanders និង​បាន​សរសើរ​លើ​កំណត់ត្រា​របស់លោក​ស្រី​។​

​ដោយ​ហៅ​លោកស្រី​ថា “​ជា​មិត្តភក្តិ ជា​នារី​ម្នាក់​ដ៏​អស្ចារ្យ​ម្នាក់ ជា​មនុស្ស​ប្រកបដោយ​កិ​ត្ដិ​គុណ​”, លោក Trump បាន​និយាយថា “​លោកស្រី​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់​”​។​តាម​ការពិត លោកស្រី Sanders អាយុ​៣៦​ឆ្នាំ​គឺមាន​ទំនាក់ទំនង​ជូរចត់​ជាមួយ​អង្គភាព​ព័ត៌មាន​របស់​សេត​វិមាន​ហើយ​ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការបញ្ចប់​នៃ​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​ប្រចាំថ្ងៃ​ដែលជា​ការអនុវត្ត​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​មុន​៕