សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថាន

តាជីគីស្ថាន ៖ នៅវេលាម៉ោង១៨ និង៥៥នាទី ម៉ោងនៅប្រទេសតាជីគីស្ថាន (Tajikistan) ត្រូវនឹងម៉ោង២០ និង៥៥ នាទី ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ទីក្រុង Dushanbe, Tajikistan ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានធ្វើដំណើរចាកចេញពីទីក្រុង Budapest ប្រទេស Hungary អស់រយៈពេលប្រមាណ៥ម៉ោងតាមយន្តហោះពិសេសរួចមក។

វត្តមាននៃការ អញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីតាជីគីស្ថាន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស តាជីគីស្ថាន និងឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។

នៅថ្ងៃទី១៥ មិថុនានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីជាមួយបណ្តាប្រទេសជាច្រើនទៀតផង៕