Juventus ប្រកាសតែងតាំង​លោក Sarri ជា​គ្រូបង្វឹក​ថ្មី​ផ្លូវការ​ហើយ

​បាល់ទាត់ ៖ កាលពី​យប់មិញ​ក្លឹប​សេះបង្កង់ Juventus បានប្រកាស​តែងតាំង​លោក Maurizio Sarri ជា​គ្រូបង្វឹក​ថ្មី​ផ្លូវការ​ហើយ ក្រោម​កិច្ច សន្យា​រយៈពេល ៣​ឆ្នាំ បន្ទាប់ពី Juventus ព្រមព្រៀង​បង់ប្រាក់​ប្រមាណ ៦.៣​លាន​ដុល្លារ​ទៅ​ឲ្យ Chelsea ដើម្បី​ផ្តាច់ កិច្ចសន្យា​រយៈពេល ២​ឆ្នាំ​ដែល​នៅសល់​។​

​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី វ័យ ៦០​ឆ្នាំ​រូបនេះ ត្រូវបានតែងតាំង​ជំនួស កៅអី​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​ដូចគ្នា Massimiliano Allegri ដែល​ត្រូវ​បានបញ្ចប់​តំណែង ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩ បើទោះបីជា​លោក (Sarri) ពុំ​ធ្លាប់​ឈ្នះ​ពាន​ធំ​ណាមួយ​ពីមុនមក​ក៏ដោយ​។​

​លោក Sarri បាន​ចុះកិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​ក្នុង​ការដឹកនាំ​ក្លឹប​តោ​ខៀវ Chelsea ដោយបាន​ដឹកនាំ​ក្លឹប​ស្ថិតនៅ​ទីក្រុង London ប្រទេស​អង់គ្លេស​មួយ​នេះ​បញ្ចប់​ទៅដោយ​ចំណាត់ថ្នាក់​លេខ​៣ នៅ Premier League នៃ​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩ ជាមួយនឹង​ការ​ឈ្នះ​ជើងឯក​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអឺរ៉ុប UEFA Europa League ផងដែរ​។​

​គួរបញ្ជាក់​ថា​លោក Sarri បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ទី​៩ ដែល​បាន​ចាក​ចេញពី​ក្លឹប Chelsea ក្រោម​ការគ្រប់គ្រង​រប​ស់​សេដ្ឋី​រុស្ស៊ី Roman Abramovich ដែល​បាន​ចំណាយ​ទិញ​ក្លឹប​នេះ​កាលពី​ឆ្នាំ​២០០៣​កន្លងទៅ​៕