Hun Sen Cup វគ្គ​១៦​ក្រុម ពន្យារពេល​១​សប្ដាហ៍ ទុក​ឱកាស​ឲ្យ​ក្រុម​ទាំង អស់​ដោះដូរ​កីឡាករ​

បាល់ទាត់ ៖ ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​(Hun Sen Cup) លើក​ទី​១៣ ឆ្នាំ​២០១៩ ដែល​គ្រោង​ចាប់ផ្ដើម​នា​ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា​ខាងមុខនេះ នឹងត្រូវ​លើក​ទៅ​សប្ដាហ៍​បន្ទាប់​វិញ ពោល​ថ្ងៃទី​២៦ ខែមិថុនា ក្រោម​ហេតុផល​ទុក​ឱកាស​ឲ្យ​ក្រុម​ទាំងអស់ រៀបចំ​ឯកសារ និង​ការផ្ទេរ​កីឡាករ​ឲ្យ​បាន​រួចរាល់​១០០​ភាគរយ​។​

​លេខាធិការ​ប្រតិបត្តិ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា CNCC លោក ឆាំង ពិសិដ្ឋ ពន្យល់ថា​៖ «​គណៈកម្មការ​សម្រេច​ព​ន្យា​រ​ពេល​ប្រកួត​ទៅ​សប្ដាហ៍​បន្ទាប់ ក៏​ព្រោះ​យើង​មើលឃើញថា មាន​ក្រុម​មួយចំនួន​ពុំទាន់​រៀបចំ​ឯកសារ​ស្រេចបាច់​នៅឡើយ ហើយ​មួយចំនួនទៀត ត្រូវការ​ផ្លាស់ប្ដូរ​កីឡាករ​បន្ថែម​។ យើង​រំពឹងថា ការបន្ថែម​ពេលវេលា​១​សប្ដាហ៍​នេះ គ្រប់គ្រាន់​សម្រាប់​បេក្ខភាព​ទាំងអស់ រៀបចំខ្លួន​ឲ្យ​បានល្អ ដើម្បី​ត្រៀម​ប្រកួតប្រជែង​ប្រកបដោយ​គុណភាព​»​។​

​គួររំឭកថា ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាការ​ប្រកួត​ដែល​អនុញ្ញាត​ឲ្យ​តែ​កីឡាករ​សញ្ជាតិ​ខ្មែរ​ចូល​ប្រជែង ក្នុង​គោលបំណង​ស្ទាបស្ទង់ និង​បង្កើន​គុណភាព​សមត្ថភាព​កីឡាករ​ក្នុងស្រុក​។

​សម្រាប់​កាលវិភាគ​ប្រកួត​ជាក់លាក់ នៃ​ការប្រកួត​ទាំង ២​ជើង​របស់​ក្រុម​ទាំង​១៦ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា នឹង​ធ្វើការ​ជម្រាបជូន​ដល់​ប្រិយមិត្ត​នៅពេល​ឆាប់ៗ​នេះ​៕ ​អត្ថបទ​ ៖ CNCC