លោក ស សុខា អំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍសប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក “រួមគ្នាធ្វើអ្វីៗទំាងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣” ។

ការអំពាវនាវរបស់លោករដ្ឋលេខាធិការបែបនេះក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ឆ្នាំ២០១៩ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅពហុកីឡដ្ឋានជាតិ។

ក្នុងឱកាសនោះដែរ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានដឹកនាំការប្រកួតតាមគោលការណ៏បច្ចេកទេសប្រកបដោយយុត្តិធម៌ និងតម្លាភាព រកឃើញនូវកីឡាករ កីឡាការិនីឆ្នើមដែលទទួលបានជ័យលាភីនៃការប្រកួតនៅពេលនេះ។
លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។ លោកបញ្ជាក់ថា

ដើម្បីឱ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡា សំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា ឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ការប្រកួតនេះមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ប្រកួតលើ១១ប្រភេទកីឡា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៣៤៥៩នាក់៕