សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីរួមមាន ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងក្រសួងការបរទេស នៅថ្ងៃទី១៩ ខែមិថុនានេះ។

យោងតាមក្រសួងការបរទេសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះនឹងផ្តោតការយកចិត្តទុកដាក់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។

កិច្ចប្រជុំកំពូលនេះ ក៏នឹងរិះរកមធ្យោបាយនានា ក្នុងការធ្វើឲ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។

ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួន រួមមាន ៖ កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន។ កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន៕