ចាប់ខ្លួន​អតីត​ប្រធាន UEFA ពាក់ព័ន្ធ​ករណី​ប្រគល់​សិទ្ធិ​ឲ្យ​កាតា​ធ្វើជា​ម្ចាស់ផ្ទះ World Cup

បាល់ទាត់ ៖ លោក Michel Platini អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ត្រូវបាន​ចាប់ខ្លួនពាក់ព័ន្ធ​នឹង​ការប្រគល់សិទ្ធិ​ឱ្យ​ប្រទេស​កាតាធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​បាល់ទាត់ FIFA World Cup ២០២២​។​

​សារព័ត៌មាន MediaPart របស់​បារាំង​បាន​អះអាងថា លោក Platini ត្រូវបាន​គេ​ឃាត់ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ភាពពុករលួយ ក្នុង​ការប្រគល់សិទ្ធិ​ជា​ម្ចាស់ផ្ទះ​ឱ្យ​ប្រទេស​កាតា រៀបចំ​ពានរង្វាន់ FIFA World Cup នា​ឆ្នាំ ២០២២ កាលពី​ខែធ្នូ​ឆ្នាំ​២០១០ កន្លងទៅ ។​ លើសពីនេះទៅទៀត លោក Platini ក៏​នឹងត្រូវ​ត្រៀម​បញ្ជូន​ខ្លួន​ទៅកាន់​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​នៃ​នគរបាល​យុត្តិធម៌ (OCLCIFF) ដើម្បី​សាកសួរ​ផងដែរ​។​

​គួរ​បញ្ជាក់ថា អតីត​វីរបុរស​បាល់ទាត់​របស់​បារាំង​រូបនេះ​ត្រូវបាន​គេ​បោះឆ្នោត​តែងតាំង​ជា​ប្រធាន UEFA កាលពី​ឆ្នាំ ២០០៧ មុននឹង​ត្រូវបាន​ហាមឃាត់​ដោយ​គណៈកម្មការ​វិន័យ​របស់ FIFA មិនឱ្យ​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​បាល់ទាត់​ទាំងអស់​នា​ឆ្នាំ ២០១៥៕