ស្ថានភាពទឹកស្ទឹងព្រែកត្នោតមកទល់ពេលនេះ ពុំមានសញ្ញាណគំរាមកំហែងធ្ងន់ធ្ងរឡើយ

ភ្នំពេញ ៖ មន្ដ្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខណ្ឌដង្កោ នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ  បានចេញមកបញ្ជាក់អំពីស្ថានភាពទឹកក្នុងភូមិសាស្ដ្រស្ទឹងព្រែកត្នោត ដែលមកទល់ពេលនេះ មិនទាន់មានសញ្ញាណនៃការគំរាមកំហែងធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះឡើយ។

បើតាមការបញ្ជាក់ពីមន្ដ្រីជំនាញ ចំពោះស្ថានភាពលិចលង់វិញនោះ គឺគ្រាន់តែលិចតំបន់នៅក្រៅសណ្តស្ទឹង ដែលមានការលិចលំដ្ឋានរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្រៅសណ្តតែប៉ុណ្ណោះ។

ចំពោះស្ថានភាពទឹកវិញ ត្រូវបានអាជ្ញាធរបញ្ជាក់ថា កម្ពស់ទឹកនៅទំនប់៧មករា មានកម្ពស់ ៥.១៩ម៉ែត្រ ហើយកម្ពស់ទឹកនេះ មិនទាន់ជាមានបញ្ហាអ្វីដែលព្រួយបារម្មណ៍អ្វីនោះទេ។ ឯស្ថានភាព ដែលឃើញលិចនៅលើដងស្ទឹងព្រែកត្នោតនៅពេលនេះ គឺមិនទាន់មានហៀរចេញធំដុំអ្វីនោះទេ ហើយអាចលិចតិចតួចនៅតាមតំបន់ដែលទាប ឬហៅថាក្រៅសណ្ត។

អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទោះបីជាស្ថានភាពទឹកនៅមានលក្ខណៈមិនទាន់មានហានិភ័យធ្ងន់ធ្ងរយ៉ាងណាក៏ដោយ តែត្រូវបន្តការប្រុងប្រយ័ត្ន ហើយក្រុមការងារមន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់នេះ និងធ្វើការតាមដានជាប្រចាំ ហើយនឹងមានវិធានការជាក់ស្តែងចំពោះមុខ ក្នុងករណីណាមួយខណៈមន្ដ្រីប្រចាំការ ២៤ម៉ោងលេី២៤ម៉ោងតែម្តង។

សូមរំលឹកថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តីបច្ចេកទេស ចុះពិនិត្យលទ្ធភាពក្នុងការរំដោះទឹកពីស្ទឹងព្រែកត្នោត ដេីម្បីបង្ហូរទម្លាក់ចូលទៅក្នុងទន្លេ តាមរយៈប្រឡាយ ៩៤ និង៩៦ នៅក្នុងភូមិសាស្រ្តសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងបេសកកម្មនោះ លោករដ្ឋមន្ដ្រី លឹម គានហោ ក៏បានបន្តពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ននៅពុំទាន់មានអ្វីជាការព្រួយបារម្ភខ្លាំងក្លានៅឡើយទេ។ ក្នុងនោះលោករដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ប្រធានមុខព្រួញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់៕