ផ្ទុះ​ករណី​ជំងឺគ្រុនឈាម​លើ​កុមារ​រាប់រយ​នាក់​នៅក្នុង​ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ ៖ មានការ​ផ្ទុះ​ករណី​ជំងឺគ្រុនឈាម​លើ​កុមារ​ប្រមាណ​៧០០​នាក់ ក្នុងនោះ បណ្ដាលឱ្យ​កុមារ​ពីរ​នាក់បាន​ស្លាប់នៅ​ខេត្តបន្ទាយមានជ័យក្នុងអំឡុង​រដូវភ្លៀង​ធ្លាក់​ជោគជាំបង្ក​ឱ្យ​កើត​មូស​ខ្លាដែលជា​ភ្នាក់ងារ​ចម្លងជំងឺគ្រុនចាញ់ និង​គ្រុនឈាម​នេះ។​

​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជំងឺគ្រុនឈាម បានចាប់ផ្ដើម​ផ្ទុះឡើង​ចាប់ពី​ចុងខែ​ឧសភា រហូតមកទល់​ពេលនេះដែល​វដ្ដនៃ​ជំងឺ​នេះបាន​ផ្ទុះ នៅ​រវាង​៤-៥​ឆ្នាំ​ម្តង នៃ​រដូវ​គ្រុនឈាម និង​កត្តា​ធ្វេសប្រហែស​របស់​អាណាព្យាបាល​កុមារ​។​

​លោក បានឱ្យដឹង​ទៀតថា ជំងឺគ្រុនឈាម បាន​កើតមាន​ច្រើនជាងគេ​ក្នុង​ក្រុង​សិរីសោភ័ណ ក្រុង ប៉ោយប៉ែត ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ម៉ាឡៃ​។ អ្នកជំងឺ​ភាគច្រើន ត្រូវបាន​អាណាព្យាបាល​បញ្ជូនទៅ សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (​គន្ធបុប្ផា​) និង​មន្ទីរពេទ្យ​កុមារ​អង្គរ នា​ខេត្តសៀមរាប និង ចំនួន​ចុងក្រោយ នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។​

​លោក​វេជ្ជបណ្ឌិត បានឱ្យដឹង​ទៀតថា មកទល់ពេលនេះ មិនទាន់មាន​របាយការណ៍ ស្ដីពី​ការស្លាប់ របស់​កុមារ ដោយសារ​ជំងឺគ្រុនឈាម​បន្ថែមទៀត​ទេ​។​

​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា នៅ មុនពេល​ផ្ទុះ​ជំងឺគ្រុនឈាម​នេះ មន្ត្រី​សុខាភិបាល​ខេត្ត ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ មន្ទីរពេទ្យ បង្អែក និង​មណ្ឌល​សុខភាព បាន​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ​ការពារ​ឆ្លង​ជំងឺ​នៅតាម​គោលដៅ​នានា បាន ចុះ​បាញ់ថ្នាំ បានដាក់​អា​ប៊ែ​ត ក្នុង​ពាងទឹក​អស់​ចំនួន​៤,៥​តោន នៅ​គ្រប់​សង្កា​ត់នៃ​ក្រុង​សិរីសោភ័ណ និង ក្រុង​ប៉ោយប៉ែត និង​ក្នុង​ឃុំ​ខ្លះ​នៃ​ស្រុក​ម៉ាឡៃ និង​ព្រះនេត្រព្រះ​។​

​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ បានឱ្យដឹងថា មកទល់ពេលនេះ អ្នកជំងឺ​មកទទួល​ពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យ​នេះ មាន​ចំនួន​ច្រើន​នៅឡើយ ហេតុនេះមន្ត្រី​សុខាភិបាល និង​គ្រូពេទ្យកំពុង​បន្ត​ខិតខំ​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការពិនិត្យ និង​ព្យាបាល​។​

​យោងតាម​ការ​ឱ្យដឹងពី​ក្រសួងសុខាភិបាល ឆ្នាំ​២០១៩​នេះ ករណី​ជំងឺគ្រុនឈាមបាន​ផ្ទុះ​ខ្លាំង​ជាងគេ នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប និង​ក្រចេះ ជាដើម​៕