ខេត្តមណ្ឌលគិរី​ផ្ទុះ​ករណី​គ្រុនឈាម ​ខណៈ​អ្នកជំងឺ​ក្មេង​ចាស់​កើន​ដល់​ជាង​៥០០​នាក់​

ខេត្តមណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី​ត្រូវបាន​គេ​រាយការណ៍​ថា ផ្ទុះ​ករណី​គ្រុនឈាម​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណដែល​មនុស្ស​ក្មេង​ចាស់​ប្រមាណ​៥០០​នាក់ កំពុង​ឆ្លង​ជំងឺគ្រុនឈាម ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​មន្ត្រី​នៃ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី ។​

​វេជ្ជបណ្ឌិត ​ទុយ ស្រស់ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅ​ខេត្តមណ្ឌលគិរី​ធ្លាប់​ផ្ទុះឡើង​នូវ​ជំងឺគ្រុនឈាម​ម្ដង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៦​។ ​ចំណែក​ឆ្នាំ​២០១៧-២០១៨ ​អាត្រា​អ្នកជំងឺ​គ្រុន​ឈាមមាន​តិចតួច​ប៉ុណ្ណោះ​។​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ​ជំងឺគ្រុនឈាម​បាន​ផ្ទុះឡើង​ម្ដងទៀត​ចាប់ពី​ដើមខែ​ឧសភា​រហូតដល់​ពាក់កណ្ដាល​ខែមិថុនា​ ​គឺមាន​រយៈពេល​ជាង​១​ខែ​មកហើយ ​និង​មាន​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​៥០០​នាក់​បាន​ឆ្លង​ជំងឺគ្រុនឈាម ​និង​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​លោក​វេជ្ជបណ្ឌិត​ថា អ្នកជំងឺ​ទាំងនោះ​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​ចំនួន​៤៤៦​នាក់ មាន​អាការ ធ្ងន់ធ្ងរ​បញ្ជូនទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​៤​នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ប​បង្អែក​ប្រមាណ​៥០​នាក់​គិត​ត្រឹម​ថ្ងៃ​១៩​មិថុនា​២០១៩​ម្សិលមិញ៕