Ronaldo អង្គុយ​សម្រក់​ទឹកភ្នែក​ក្រោយ​ព័រ​ទុយ​ហ្គា​ល់​ចាញ់ ស៊ែ​ប៊ី ចុង​ម៉ោង​

អឺរ៉ុប ៖ ក្រុម​ជម្រើសជាតិ​សែ​ប៊ីទ​ទួលបាន​កៅអី ដើម្បី​ឡើងទៅ​លេង FIFA World Cup ឆ្នាំក្រោយ​នេះ​នៅ​ប្រទេស​កាតា​ហើយ ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ព័រ​ទុយ​ហ្គា​ល់ ដោយ​លទ្ធផល ២-១ កាលពី​យប់មិញ​។​

​សម្រាប់​ការប្រកួត​នេះ​ក្រុម​ម្ចាស់ផ្ទះ​ព័រ​ទុយ​ហ្គា​ល់ បាន​បើក​ការនាំ​មុខមុន​តាំងតែ​ពី​នាទី​ទី​២​ដោយ​កីឡាករ Renado Sanches ប៉ុន្តែ​នៅ​នាទី​ទី​៣៣ ក្រុម​ភ្ញៀវ​សែ​ប៊ី​បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដោយ Dusan Tadic ។​

​ការប្រកួត​បានអូសបន្លាយ​ដល់​នាទី​៩០ ទើប​កីឡាករ Mitrovic ដែល​ត្រូវបាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​នោះ រកបាន​គ្រាប់​ជ័យជម្នះ​តែម្តង ជួយ​សែ​ប៊ី​ឡើងឈរ​នៅ​កំពូល​តារាង​នៃ​ពូ​ល A ដោយមាន ២០​ពិន្ទុ​នៅ​ថ្ងៃ​បិទ​បញ្ចប់​ជម្រុះ​ក្នុង​ពូ​ល​ប្រចាំ​ទ្វីប​អឹ​រ៉ុ​ប UEFA គ្រា​ដែល​ព័រ​ទុយ​ហ្គា​ល់​បញ្ចប់​ទៅដោយ​ចំណាត់ថ្នាក់​លេខ​២ និង​ត្រូវ​លេង​វគ្គ​ជម្រុះ​នា​ខែមីនា ឆ្នាំ​២០២២ ជា​បន្តទៀត​។​

​យ៉ាងណាមិញ​ក្រោយ​បញ្ចប់​ការប្រកួត Ronaldo ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​អង្គុយ​យំ​ម្នាក់ឯង​យ៉ាង​អស់សង្ឃឹម​មែនទែន ប៉ុន្តែ មិត្ត​រួម​ក្រុម និង កីឡាករ​របស់​ស៊ែ​ប៊ី មក​លួងលោម​ចិត្ត​រូបគេ​ផងដែរ  ​៕