សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងបាងកកហើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងបាងកក ប្រទេសថៃហើយ នៅវេលាម៉ោង៩ និង១០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន។

វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាងកក ប្រទេសថៃ សម្តេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ លោក វីរ៉ា រ៉ូចប៉ូចចាន់ណារ៉ាត់ រដ្ឋមន្រ្តីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ លោកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងវត្តមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជន ការទូតរបស់កម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូបទៀតផង។

តាមកម្មវិធីគ្រោងទុក សម្រាប់ថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ) ក្រៅពីនេះសម្ដេចតេជោនឹងមានជំនួបជាមួយប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន(AIPA), ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន(ASEAN-BAC) និង ជាមួយតំណាងយុវជនអាស៊ាន(ASEAN Youth’s Representative)។ សម្រាប់ព័ត៌មានលំអិតនៃកិច្ចប្រជុំនិមួយៗនឹងផ្សាយជូនជាបន្តបន្ទាប់៕