មេដឹកនាំ​ប្រទេសអាស៊ានគ្រោង​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2034

បាល់ទាត់ ៖ លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha រួមទាំង​មេដឹកនាំ​អាស៊ាន​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា សម្រេច​រួមគ្នា​ដើម្បី​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ជើងឯក​ពិភពលោក FIFA World Cup ដែល​អាច​នឹង​យក​ឆ្នាំ២០៣៤ ប៉ុន្តែ​ត្រូវការ​សិក្សាលម្អិត​ទៀត​។

​​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សណ្ឋាគារ Athenee ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យថា​៖«​យើង​ស្វាគមន៍​គោលបំណង​អាស៊ាន​មួយ​ដើម្បី​ដេញថ្លៃ​រួមគ្នា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​ពិភពលោក (Fifa World Cup) និង​ជំរុញ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​អាស៊ាន​នីមួយៗ ព្រមទាំង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ឲ្យ​យល់​ពី​គោលបំណង​នេះ​»​។​

​គួរ​បញ្ជាក់ថា ការសម្រេចចិត្ត​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ជើងឯក​ពិភពលោក FIFA World Cup បានធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ត្រូវបាន​បញ្ចប់​៕