លោក ខៀវ សា​ម៉េ​ត ៖ AFF ស្វាគមន៍​ចំពោះ​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2034

​បាល់ទាត់ ៖ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​លោក ខៀវ សា​ម៉េ​ត ​បាន​និយាយថា ស្ថាប័ន​បាល់ទាត់​កំពូល​របស់​អាស៊ីអាគ្នេយ៍​ស្វាគមន៍​ចំពោះ​ការប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចារ កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ខែមិថុនា​ដែល​ប្រទេស​នៅ​តំបន់​អាស៊ាន​ទាំងអស់ នឹងចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ពាន រង្វាន់ 2034 FIFA World Cup ។​

​ក្នុង​សេចក្ដី​ថ្លែង​ការ​នោះ លោក ខៀវ សា​ម៉េ​ត បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៤ ថា The AFF ស្វាគមន៍​ចំពោះ​ការប្រកាស​របស់​អ្នកដឹកនាំ​កំពូលៗ​របស់​យើង ដែល​ទទួលបាន​ការគាំទ្រ​ចង់​ឲ្យ​អាស៊ាន​ចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ ២០៣៤ World Cup​។​

​លោក ខៀវ សា​ម៉េ​ត បាន​និយាយ​ក្នុង​កាសែត​សិង្ហ​បុរី The Strait Time ថា​៖ ” វា​តែងតែ​ជា​ជំហរ​របស់​យើង​នៅ​អាស៊ាន ដែលជា​ប្រទេស​មហាអំណាច​ធំជាងគេ​ទី​បី​នៅ​អាស៊ី និង​ជា​ប្រទេស​ដែល​ធំជាងគេ​ទី ៧ នៅក្នុង​ពិភពលោក​ដែល​អាចមាន​សក្តានុពល​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក Fifa World Cup ដ៏​ជោគជ័យ​” ។​

​គួរ​បញ្ជាក់ថា ទ្វីបអាស៊ី​ទើបតែ​បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ធ្វើ​ក្នុង​រយៈពេល​៤​ឆ្នាំ​ម្ដងនេះ​បានតែ​ម្ដង​ប៉ុណ្ណោះ​គឺ​នៅពេលដែល​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា​ក្នុង​ឆ្នាំ ២០០២​ហើយ​ប្រទេស​កាតា នឹង​នាំ​ព្រឹត្តិការណ៍​បាល់ទាត់​ធំជាងគេ​ក្នុង​លោក នេះ​ត្រឡប់​ទៅ​ទ្វីបអាស៊ី​វិញ​នៅ​ឆ្នាំ ២០២២​ខាងមុខ​៕