សម្តេចតេជោ ៖ ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​ត្រូវបាន​សប្បុរសជន​ឧបត្ថម្ភ​ជូន​ជនរងគ្រោះ ក្នុងករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​

ភ្នំពេញ ៖ ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា មកដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ សប្បុរសជន​បាន​ជួយឧបត្ថម្ភ​ជូន​ជនរងគ្រោះ​ពី​ការបាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​កើនឡើង ដល់​ជាង​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​ដែល​សម្តេច​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​ ៖« បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​! ក្នុង​ហេតុ​ការបាក់​អាគារ​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើអោយ​ប្រជាជន​ជាទី ស្រឡាញ់​របស់​យើង​ស្លាប់​២៨​នាក់​របួស​២៦​នាក់ ក្រៅពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ជាទីគោរព​សក្កា​រៈ និង​ជំនួយ​ឧបត្ថម​របស់​ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហម​ក​ម្ព​ជា​។
​ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​សុំ​សប្បុ​ជន​ជួយឧបត្ថម្ភ​បន្ថែម​ដែល​មកដល់​ម៉ោង​១២ ​ថ្ងៃ​២៥ ​មិថុនា​នេះ​ទទួល​ទឹកប្រាក់​គិត​ជា​ដុល្លា​ចំនួន ២,១៩៨,៤០០ ​ដុល្លា​រអាមេរិក​។ ថវិកា​នេះ​ត្រូវបាន​ឧបត្ថម្ភ​ជូន​អ្នករបួស​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ សម្រាប់​២៤​នា​ក់ ឯ​២​នាក់​ទៀត ដែល​ស្ថិតក្រោម​គំនរ​បាក់បែក​ប្រមាណ​ជិត៦០​ម៉ោង ដែល​នៅរស់​រានមាន​ជីវិត​ដោយសារ​ការជួយ​សង្គ្រោះ​ត្រូវបាន​ឧបត្ថម្ភ ក្នុង​ម្នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​។ សរុប​អ្នករបួស​ចំណាយ​អស់​៣០​ម៉ឺន​ដុល្លា​រ។

​ថវិកា​នៅសល់ ១,៨៩៨,៤០០​ដុល្លារ​ត្រូវ​បែងចែក​ស្មើៗ​គ្នា​សម្រាប់​អ្នកស្លាប់​ចំនួន​២៨​នាក់​ដែល​ក្នុង​មួយ​នាក់​ទទួល​ចំនួន ៦៧,៨០០​ដុល្លារ​នេះ​មិន​គិតពី​ថវិកា​រាជរដ្ឋាភិបាល​១​ម៉ឺន​ដុល្លា​រដែល​ជូន​ដល់ គ្រួសារ​អ្នកស្លាប់​មួយចំនួន​ក្រោយ​១​ថ្ងៃនៃ​ថ្ងៃកើតហេតុ​ផង​ទេ​។
​លោក​សេង ទៀង នាយករង​ខុទ្ទកាល័យ​របស់ខ្ញុំ​នឹង​រៀបចំ​ជូន​ក្រុមគ្រួសារ​សព​តាមរយៈធានា​គារ​ដើម្បី​ធានា​សុ​វត្ថិភាពសម្រាប់​ក្រុមគ្រួសារ​សព​។
​ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុ​សជន​ទាំងអស់​ដែល​បាន​ជួយ​ជាថ​វិការ​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នកស្លាប់​ទាំង​អ្នករបួសដោយ​មិន​គិតពី​និន្នាការ​នយោបាយ​។
​ជាថ្មី​ម្តងទៀត​សូម​អរគុណ​និង​កោត​ស​សើរ​ចំពោះ​កម្លាំង​ដែល​បាន​ចូលរួម​ជួយ​រុករក​និង​ជួយសង្គ្រោះ​ដែល​បានបង្ហាញ​នូវ​ការទទួលខុសត្រូវ ផ្តល់នូវ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះ​ក្នុង​ឋា​នះ​ជា​ជន​រួម​ឈាម​ដូចគ្នា​។
​សូម​អរគុណ​ផងដែរ​ដល់ក​ម្មករ​និង​អ្នកបច្ចេកទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​តាំងពី​ការចាប់ផ្តើម​រហូតដល់ ការងារ​ត្រូវបាន​បញ្ចប់​។​(​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​)៕»