អ៊ីតាលី​ទទួល​សិទ្ធិ​ធ្វើជាម្ចាស់ផ្ទះកីឡា​អូឡាំពិក ​និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២៦

កីឡា ​៖ អ៊ីតាលី បានទទួល​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ​២០២៦ ក្រោយ​ការបោះឆ្នោត​សម្រេច​គាំទ្រ ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC កាលពី​ម្សិលមិញ ហើយ​ព្រឹត្តិការណ៍​នឹង​ធ្វើឡើង​ចន្លោះ​ថ្ងៃទី​២ ដល់ទី​២២ ខែកុម្ភៈ ខណៈ​ប៉ា​រ៉ា​ពិ​ក​រដូវរងា​ធ្វើឡើង​ចន្លោះ​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៦​។​

​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បាន​បោះឆ្នោត​គាំទ្រ​អ៊ីតាលី​ទទួលបាន​សំឡេង​ភាគច្រើន​លើ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត​។ ទីក្រុង​2 របស់​អ៊ីតាលី Milan និង Cortina នឹង​រួមគ្នា​រៀបចំ​កីឡា​រដូវរងា​នេះ ដោយ​ចែក​ប្រភេទ​កីឡា​គ្នា​ដើម្បី​រៀបចំ​។

​គួរ​បញ្ជាក់ថា ទីក្រុង Cortina ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​រដូវ​ងារ​ម្ដង​ដែរ​កាលពី​ឆ្នាំ​១៩៥៦ ខណៈ​ទីក្រុង Turin ជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០០៦ ៕