សម្តេចតេជោប្រកាសបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គោះទាំង១៤៨៧នាក់ ក្នុងករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបំពាក់មេដាយមាសជូន ក្រុមសង្រ្គោះជិត១៥០០នាក់ ក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងការខិតខំរបសពួកគេទាំងអស់គ្នារាប់ទាំងផ្នែកឯកជនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថា យប់មិញនេះនៅមុនម៉ោង១២យប់ ខ្ញុំបានឱ្យលោក សេង ទៀង យកថវិកាខ្ញុំទៅចែកជូនកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ ក្នុងនោះនារី៣៥នាក់
ដោយម្នាក់ៗជាបុរសទទួលបាន១០០ដុល្លារ ជានារីទទួលបាន២០០ដុល្លារ អស់ទឹកប្រាក់១៥២,២០០ដុល្លារ។ ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះ ដើម្បីឆ្លើយតបនឹងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ»។

ជាមួយគ្នានោះសម្តេចក៏បានឧបត្ថម្ភដល់កងកម្លាំង ដែលបានជួយរុករក និងសង្គ្រោះជិត១៥០០នាក់ ដោយបុរសម្នាក់ៗ ទទួលថវិកា១០០ដុល្លារ ចំណែកនារីទទួលបាន២០០ដុល្លារផងដែរ។ ការឧបត្ថម្ភនេះបានធ្វើឡើងតាំងពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់ពីប្រតិបត្តិការរុករកជនរងគ្រោះដោយករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុបានបិទបញ្ចប់ ប៉ុន្តែសម្តេចទើបនឹងប្រកាសតាមរយៈ Facebook នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងការចូលរួមយោបល់តាមរយៈ Comment មានបងប្អូនមួយចំនួន សំណូមពរមកខ្ញុំឱ្យជួយឧបត្ថម្ភ ចំពោះកម្លាំងចូលរួមបំពេញការងាររុករក និងជួយសង្រ្គោះផង។ នេះពិតជាសំណូមពរត្រឹមត្រូវព្រោះបើគ្មានកម្លាំង ដែលពោពេញដោយភាពក្លាហានមិនខ្លាចនើយហត់នេះទេ យើងមិនអាចស្រោចស្រង់ជីវិតអ្នកដែលនៅរស់ និងយកសាកសពបានទេ»។

សម្តេចបញ្ជាក់ទៀតថា «ខ្ញុំបានយកថវិកាខ្ញុំជាង ១៥ម៉ឺនដុល្លារចែកជូនបងប្អូន ១៤៨៧នាក់ តាំងពីយប់មិញមកម្ល៉េះ ដោយបុរសទទួល ១០០ដុល្លារ ក្នុងម្នាក់ នារីទទួលបាន២០០ដុល្លារក្នុងម្នាក់ៗ។ ភរិយាខ្ញុំ និងកូនៗខ្ញុំបានជួយផ្តល់បាយម្ហូបអាហារទឹកផឹកទឹកក្រូច ក្នុងពេលប្រតិបត្តិការមុនពេលខ្ញុំទៅដលកន្លែងកើតហេតុ»។

សូមបញ្ជាក់ថា កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីរលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ព្រមទាំងចុះទៅដឹកនាំប្រតិបត្តិការរុករកជនរងគ្រោះ នៅកន្លែងកើតហេតុដោយផ្ទាល់ទៀតផង។

ទន្ទឹមនឹងការចូលរួមរំលែកទុក្ខ និងសោកស្តាយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថវិកាសម្រាប់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ដែលស្លាប់ដោយការរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ អាចកើនដល់៧ម៉ឺនដុល្លារក្នុងម្នាក់ៗ ចំណែកជនរងគ្រោះនឹងទទួលបានប្រាក់ឧបត្ថម្ភជាង១ម៉ឺនដុល្លារ ក្នុងម្នាក់ៗផងដែរ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕