ព្រឹកនេះគណបក្សប្រជាជនកម្ពុជាប្រារព្ធខួបគម្រប់៦៨ឆ្នាំថ្ងៃកំណើតបក្ស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិការាប់ម៉ឺននាក់ រួមគ្នាប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធីអបអរសាទរដែលនឹងធ្វើយ៉ាងមហោឡារឹកនេះ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

បើតាមមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាថ្លែងថា មិទ្ទិញនេះមានការចូលរួមពីសំណាក់មន្រ្តីគណបក្សដែលមកពីគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ក្រសួងមន្ទីរ រាជធានីភ្នំពេញ ដែលសរុបទាំងអស់មាន ប្រមាណ៥ម៉ឺននាក់។

នៅក្នុងផែនការណែនាំ ពីខួបទី៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ខួបអនុស្សាវរីយ ថ្ងៃបង្កើតគណបក្សឆ្នាំ២០១៩នេះ នឹងធ្វើឡើងក្នុងសភាពការណ៍ ដែលកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខយ៉ាងរឹងមាំ។
ព្រមជាមួយនេះដំណើរការអនុវត្តន៍កម្មវិធីនយោបាយ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា កំពុងទទួលបានមោទនភាព នៅក្នុងផែនការណែនាំ ដែលសម្តេចប្រធានគណបក្ស បានណែនាំឲ្យមន្រ្តីបក្សទាំងអស់ ចូលរួម រៀបចំសំណេះសំណាល ជាមួយសាខាបក្ស សមាជិកបក្ស និងមហាជន ដើម្បី បានដឹងពីខ្លឹមសារសំខាន់ ពីការងារមន្រ្តីបក្ស និងពលរដ្ឋ ដើម្បីបានដឹងពីផែនការអភិវឌ្ឍន៍ភូមិឃុំ។ ដោយឡែកខិតខំរួមចំណែកនានា ដើម្បីដោះស្រាយបញ្ហាដល់មហាជន។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងនឹងកាន់តែរីកចម្រើនលឿនទៅមុខ៕