រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាជំរុញវិស័យកីឡាប្រណាំងកង់ ឱ្យកាន់តែរីកចម្រើន ដើម្បីត្រៀមប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣

ភ្នំពេញ ៖ នាឱកាសចូលកាន់តំណែងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានក្នុងអាណត្តិ ឆ្នាំ២០១៨-២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការប្រតិបត្តិ និងគ្រូបង្វឹកទាំងអស់ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឱ្យកាន់តែរីកចម្រើន សំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣។

ការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញ សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការអញ្ជើញជាគណៈអធិបតីភាពពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល គ្រូបង្វឹក និងកីឡាករ-កីឡាការនី ប្រមាណជាង ១០០នាក់។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររបស់គណៈកម្មាធិការប្រតិបត្តិចាស់ និងការលះបង់របស់លោកគ្រូបង្វឹកខ្មែរ និងបរទេស ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យកីឡាកង់កម្ពុជា រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ជូនជាតិ នាពេលកន្លងមក មានដូចជាមេដាយមាស ១, មេដាយប្រាក់ ១ និងពានរង្វាន់កិត្តិយសជាច្រើន។

លោករដ្ឋមន្ត្រី បានលើកឡើងពីតម្រូវការចាំបាច់សម្រាប់វិស័យកីឡាប្រណាំងកង់ និងបានស្នើសុំទស្សនៈ និងការចូលរួមគាំទ្របន្តទៀត ពីសមាជិកគណៈកម្មាធិការប្រតិបត្តិ មន្ត្រីសហព័ន្ធ និងគ្រូបង្វឹកទាំងអស់ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមសំខាន់ៗរបស់កីឡាមួយនេះ សំដៅកសាង និងអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការនីកម្ពុជា ឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់​ ទាំងក្នុងតំបន់ និងលើពិភពលោក។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «វិស័យកីឡាប្រណាំងកង់បច្ចុប្បន្ន គឺត្រូវការកម្រិតអាជីព និងជំនាញខ្ពស់ណាស់ គឺមិនត្រឹមតែកីឡាករ កីឡាការិនី មានសមត្ថភាពខ្ពស់ទេ សូម្បីកង់ប្រណាំង​ ក៏ត្រូវតែផលិត និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ទើបអាចដណ្តើមយកជ័យជម្នះនៅក្នុងការប្រកួតបាន។ កាលណាកង់កាន់តែទំនើប និងកាន់តែងាយស្រួល តម្លៃរបស់វាក៏កាន់តែថ្លៃផងដែរ»។

គួររម្លឹកដែរថា តាមរយៈការដាក់ចេញនូវនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ជួបនូវសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ ព្រមទាំងមានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ដែលបង្កើតបានជាកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអនុវត្តន៍កម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការពង្រីកមូលដ្ឋានកំណើន និងការទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕