សម្តេចតេជោពន្យល់​រឿង​ជនជាតិ​ជប៉ុន​ដែល​មិន​ទទួល​បាន​ជំនួយ​ ក្នុង​ឧបទ្ទហេតុ​បាក់អគារ​នៅខេត្ត​ព្រះសីហនុ

ភ្នំពេញ ៖ បន្ទាប់​ពីមាន​ការ​លើកឡើង​ជាច្រើន​ថា ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ហាង​របស់គាត់​បានរង​ការ​ខូចខាត​ដោយសារតែ​ការ​បាក់​រលំ​អគារ ៧ជាន់​នៅ​ខេត្តព្រះសីហនុ មិន​ទទួលបាន​សំណង ឬជំនួយ​អ្វីនោះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ពន្យល់​បកស្រាយ​តាមរយៈ Comment ក្នុងការ​បង្ហោះ​មួយនៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច កាលពី​ម្សិលមិញ ដូច​ខាងក្រោម​នេះ ៖

«បងប្អូន​មួយ​ចំនួន​នៅ​លើកឡើង​ច្រំដែល​អំពី​ជនជាតិ​ជប៉ុន​ ដែល​ហាងគាត់​ត្រូវបំផ្លាញ​ដោយ​អគារ​រលំ​សង្កត់​លើ។ ខ្ញុំឆ្លើយតប​ច្រើនហើយ។ ខ្ញុំគួរតែ​បញ្ជាក់​ជាថ្មី​ថា ប្រសិន​បើគាត់​ស្លាប់ ឬរបួស​ គាត់​នឹងទទួលបាន​ជំនួយ​ដូច​ពលរដ្ឋខ្មែរ​ដែរ តែនេះ​ជាការ​ខូចខាត​ទ្រព្យសម្បត្តិ​ គឺត្រូវ​ដោះស្រាយ​តាមផ្លូវតុលាការ​ ដែលគាត់​ត្រូវដាក់​ពាក្យប្តឹង​ដើម្បី​ទាមទារ​សំណង។ សម្រាប់​ការ​ដោះស្រាយ​កន្លែង​ស្នាក់នៅ ​ឯ.ឧ យន្ត មីន បាន​ឱ្យ​ស្នាក់នៅ​ស្នាក់ការ​កាកបាទ​ក្រហម និងបាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​រួចហើយ​ដែរ។ មិនគ្រាន់​ហាង​ជប៉ុន​នោះ​ទេ​សូម្បីតែ​បងប្អូនខ្មែរ​យើង​ដែលស្លាប់ និងរបួស​ដែលបាន​ជំនួយ​ឧបត្ថម្ភរួចហើយ ក៏នៅប្តឹង​ដើម្បី​ទាមទារ​សំណង​ផងដែរ។ ហាងលាងឡាន​អារុណរះ​ដែលរងការខូចខាត​ ក៏ត្រូវប្តឹង​ទាមទារ​សំណង​ដូចគ្នា៕»