ក្រសួងបរិស្ថានត្រៀមបង្កើតតំបន់ការពារធនធានធម្មជាតិ នៅភូមិសាស្រ្តតំបន់ភ្នំក្រឡាពស់ ឬក្រឡាពុះនៅប្រទល់ស្រុកចំនួនពីរ នៃខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដោយមើលឃើញពីសក្តានុពលធនធានធម្មជាតិជីវៈចម្រុះដ៏ច្រើនសម្បូរបែប និងមានការណែនាំចង្អុរបង្ហាញពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការគាំទ្រពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងផងនោះទើប នៅរសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ឲ្យដឹងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការបង្កើតទីតាំងតំបន់ការពារធម្មជាតិភ្នំក្រឡាពស់ ឲ្យក្លាយទៅជាតំបន់អភិរក្ស ។

ឯកឧត្តម ផៃ ប៊ុនឈឿន បន្តថា នេះជាការពង្រីកវិសាលភាពនៃការអភិរក្ស និងជាការថែរក្សាការពារ និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី តាមរយៈការសិក្សាតំបន់ភ្នំក្រឡាពស់ជាតំបន់មួយដែលត្រូវការពារជាចាំបាច់ ដោយសារតំបន់នេះ មានប្រភពទឹក មានប្រភេទជីវះចម្រុះជាច្រើន និងមានស្រទាប់ព្រៃឈើក្រាស់ ផងដែរ ។ ដោយតំបន់នេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន និងស្រុកសៀមប៉ាងនៃខេត្តស្ទឹងត្រែង ហើយត្រូវបានក្រសួងបរិស្ថានកំពុងរៀបចំដាក់ជាតំបន់ការពារ ដោយតំបន់នេះ មានសត្វកម្រងាយរងគ្រោះ និងជាប្រភពទឹកដ៏សំខាន់ ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានលើកឡើងថា តំបន់ភ្នំក្រឡាពស់នេះ ជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ ដែលគួរតែអភិរក្ស និងថែរក្សាការពារដើម្បីបានឲ្យជីវៈចម្រុះ និងក៏ជាសក្តានុពលទេសចរណ៍ធម្មជាតិផងដែរ ។

ឯកឧត្តមបន្តថា ប្រសិនបើយើងមិនការពារតំបន់នេះទេ នោះយើងនឹងជួបបញ្ហាប្រឈម ដោយការកាប់ទន្ទ្រានព្រៃឈើ ការបរបាញ់សត្វ ពីសំណាក់ជនខិលខូចជាក់ជាមិនខាន ។ ឯកឧត្តមបានរំលឹកថា កន្លងមកអាជ្ញាធរបានបង្កើតក្រុមការងារចុះទៅទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងតំបន់នោះហើយដែរ ប៉ុន្តែមិនទាន់បានអនុវត្តច្បាប់ពេញលេញនៅឡើយ ក្រោយពេលតំបន់នេះដាក់បញ្ជូលជាតំបន់ការពារធម្មជាតិ ហើយអាជ្ញាធរខេត្ត នឹងអនុវត្តទៅតាមច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស ។

យោងតាមការបង្ហាញរបស់ក្រុមការងារនាយកដ្ឋានតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបងរិស្ថាន កន្លងមកក្រសួងធ្លាប់បានចុះសិក្សាជាច្រើនលើកមកហើយ ដើម្បីត្រៀមដាក់ជាតំបន់ការពារធម្មជាតិក្រសួងបរិស្ថាន ។

សូមបញ្ជាក់ថា តំបន់ភ្នំក្រឡាពស់ជាប្រភេទព្រៃស្រោង និងមានផ្ទៃក្រឡា១១០៦៥១ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន និងស្រុកសៀមប៉ាង ៕