សម្តេច ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរស់ប្រទេសស្វីស និងមកពីប្រទេសមួយចំនួននៅអឺរ៉ុប 

ហ្សឺណែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង៤ និង៤៥នាទីល្ងាចថ្ងៃទី០២ កក្កដា ដែលត្រូវនឹងម៉ោង៩ និង៤៥នាទីយប់ ម៉ោងនៅប្រទេសកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយសុវត្ថិភាព។
នៅអាកាសយានដ្ឋានអន្តរជាតិ ហ្សឺ ណែវ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើ គារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ថ្នាក់ដឹកនាំរដ្ឋាភិបាលស្វីស ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធស្វីស និងជាតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំ មន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ប្រចាំទីក្រុងហ្សឺណែវ ឯកឧត្តម ថៃ ប៊ុនថន ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភព លោក ព្រមទាំងអស់លោក លោកស្រី ជាឥស្សរជន ការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ សហព័ន្ធស្វីស និងប្រចាំអង្គការពាណិជ្ជកម្មពិភពលោកជាច្រើនរូប។
ទន្ទឹមនឹងការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកដល់ប្រទេសស្វីសនេះ បងប្អូនខ្មែររស់នៅប្រទេសស្វីស ប្រទេសបារាំង ប្រទេសបែលហ្ស៊ិក ហូឡង់ អង់គ្លេស អាល្លឺម៉ង់ និងនៅតំបន់អឺរ៉ុបបានចំណាយថវិកា ពេលវេលាផ្ទាល់ខ្លួនធ្វើដំណើរមកចាំទទួលស្វាគមន៍សម្តេចតេជោប្រកបដោយក្តីនឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានដឹកនាំប្រទេសឲ្យមានសន្តិភាព ការអភិវឌ្ឍ នាំកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
​ សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ព្រមទាំងសមាជិកសភាពាណិជ្ជកម្មនៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីសដើម្បីចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

អាស្រ័យដោយសមិទ្ធផលដ៏ធំធេងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជោគជ័យក្នុង ការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលប៉ុន្មានទស្សវត្សកន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកកិច្ចប្រជុំ ដែលក្នុងឱកាសនោះ សម្តេចនឹងគូសបញ្ជាក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការជម្នះឧបសគ្គនានា និងនាំមកនូវកំណើនសេដ្ឋកិច្ច គួរឲ្យកោតសរសើរដល់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសជាផ្លូវការ នូវយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ២០១៩-២០២៣ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសង្គម ដែលរៀបចំដោយ WTO ផងដែរ។
ក្រៅពីកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារដ៏សំខាន់ និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឱកាសស្នាក់នៅទីក្រុងហ្សឺណែវ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថានឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នា ជាមួយលោក វិល ស្គីនណារី រដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់, លោក រតនាការ អាឌីការី នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹង សមាហរណកម្មពាណិជ្ជកម្មនៃ WTO, លោកស្រី មីសែល បាឆេឡេត ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត។ ក្រៅពីនេះសម្តេចតេជោនឹងទទួលការចូលជួបសម្តែងការគួរសម ពីតំណាងក្រុមហ៊ុនអឺរ៉ុបមួយចំនួនគោលបំណងដើម្បីបន្ថែមការទាក់ទាញអ្នកវិនិយោគ បង្កើតការងារធ្វើ និងកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
ជាមួយគ្នានេះដោយសារតែក្តីស្រលាញ់នឹករលឹករវាងសម្តេចតេជោ ហ៊ុន សែន និងបងប្អូនខ្មែរនៅក្រៅប្រទេស សម្តេចតេជោក៏នឹងឆ្លៀតឱកាសទទួលជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា និងសមាជិកសហគមន៍ខ្មែរ ដែលរស់នៅប្រទេសស្វីស និងប្រទេសអឺរ៉ុបផ្សេងទៀត៕