Spur ទិញ​បាន​ខ្សែបម្រើ​ម្នាក់​ពី Lyon តម្លៃ​បំបែក​កំណត់ត្រា ​

បាល់ទាត់ ៖ Tottenham បាន​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​សញ្ជាតិ​បារាំង Tanguy Ndombele ពី​ក្លឹប Lyon នៅ​ក្របខ័ណ្ឌ Ligue 1 ក្នុងតម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​របស់​ក្លិប ៦០ លាន​អឺរ៉ូ (៥៣,៨ លាន​ផោន​) ។ ​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​រហូតដល់​ឆ្នាំ ២០២៥ ហើយ​តម្លៃ​នេះ​អាច​កើន​ដល់ ៧០ លាន​អឺរ៉ូ (៦២,៨ លាន​ផោន​) ជាមួយនឹង​ការលើកទឹកចិត្ត​បន្ថែម​។​

​តម្លៃ​នេះ​គឺ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​មាន់​ខ្នាយ​មាស បំបែក​កំណត់ត្រា​របស់ Davinson Sanchez ដែល​ផ្ទេរ​ចូលក្នុង​តម្លៃ​៤២​លាន​ផោន​ពី Ajax ក្នុង​ឆ្នាំ​២០១៧​។​

Ndombele បាន​ចូលរួម​ជាមួយ​ក្រុម Lyon នៅ​ឆ្នាំ ២០១៧ និង​បាន​ជួយ​ឱ្យ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង​កាលពី​រដូវ​កាល​មុន​។​

​គួរ​បញ្ជាក់ថា Ndombele គឺជា​កីឡាករ​ចំណូល​ថ្មី​ទី ២ របស់ Tottenham នៅ​រដូវក្តៅ​នេះ​ក្រោយពី​ការមកដល់​របស់ Jack Clarke ពី​ក្លិប Leeds United ៕