Man Utd ដាក់សំណើ​៧០​លាន​ផោន​ទិញ Maguire ពី Leicester

បាល់ទាត់ ៖ Manchester United បានដាក់​សំណើ​តម្លៃ​៧០​លាន​ផោន​សម្រាប់​ខ្សែការពារ Harry Maguire របស់​ក្រុម Leicester City​។ នេះ​បើ​យោងតាម​ប្រភពពី BBC ។​

​លោក Ole Gunnar Solskjaer ដែលជា​គ្រូបង្វឹក​របស់​ក្លឹប Man Utd ចង់បាន​ខ្សែការពារ​កណ្ដាល​មាន​បទពិសោធ​ទៅ​ពង្រឹង​ក្រុម ហើយ Maguire មានគុណ​ភាពជា​អ្នកដឹកនាំ​ដែល​លោក Solskjaer កំពុង​ស្វែងរក​។

Man Utd ចាប់អារម្មណ៍ Maguire យូរហើយ តែ​ឆ្នាំមុន​ពួកគេ​បាន​ដកថយ​វិញ​ដោយសារតែ​កាលណោះ​ពួកគេ​គិតថា​តម្លៃ​៧០​លាន​ដែលជា​តម្លៃ​ឯតទគ្គ​កម្ម​ខ្សែការពារ​ពេលនោះ​គឺ​ថ្លៃ​ពេក​។​ការដេញថ្លៃ​លើក​នេះ​មិនទាន់​ដឹងថា​ជោគជ័យ​ឬ​អត់​ទេ ដ្បិត​តម្លៃ​៧០​លាន​ផោន​នេះ​គឺ​ទាប​ជាង​ការដាក់​តម្លៃ​របស់ Leicester​។​

​គួរ​បញ្ជាក់ថា អតីត​សមាជិក Hull City ខាងលើ​ដែល​ចង់បាន​ដោយ Manchester City ផងដែរ​នោះ បាន​ចុះកិច្ចសន្យា​ថ្មី​៥​ឆ្នាំ​ជាមួយ Leicester កាល​ឆ្នាំមុន ​៕