លោក ហុក សុជីវ័ន ជាគ្រូបង្គោលទី២ចាកចេញពីតំណែងនៅ MCL រដូវកាលនេះ

បាល់ទាត់ ៖ ក្លិបបាល់ទាត់វិសាខា បានបញ្ជាក់ពីការចែកផ្លូវជាមួយលោក ហុក សុជីវ័ន ចាប់ពីថ្ងៃទី០៣ ខែកក្កដា តទៅ ធ្វើឲ្យលោកក្លាយជាគ្រូបង្គោលទី២នៅក្របខណ្ឌ Metfone Cambodian League 2019 ដែលចាកចេញពីតំណែងទាំងមិនចប់រដូវកាល បន្ទាប់ពីលោក Leonardo Vitorino របស់ភ្នំពេញក្រោន។

ការប្រកាសបញ្ចប់កិច្ចសន្យានេះធ្វើឡើងក្រោយបញ្ចប់ជុំទីមួយដែលក្រុមមានមូលដ្ឋាននៅហ្រ្គេនភ្នំពេញឈរនៅលេខរៀងទី៥ពីការប្រកួត១៣លើក មាន២៥ពិន្ទុ ដោយឈ្នះ៨ ស្មើ១ និងចាញ់៤។ អ្វីគួរឲ្យកត់សម្គាល់នោះ ពួកគេបានចាញ់ជាប់គ្នា៣លើក គឺចាញ់ក្រសួងការពារជាតិ សប្ដាហ៍ទី៩, ព្រះខ័នរាជស្វាយរៀង សប្ដាហ៍ទី១០ និងអាស៊ីអឺរ៉ុប សប្ដាហ៍ទី១១។

បរាជ័យលើកដំបូងសម្រាប់ក្រុមទើបមកក្របខណ្ឌរដូវកាល២០១៨ នៅឆ្នាំ២០១៩នេះ គឺក្រោមថ្វីជើងអង្គរថាយហ្គឺរ នៅខេត្តសៀមរាប។ ដោយឡែក ២ប្រកួតរបស់ក្រុមមានប្រធានក្លិបជាស្ត្រី គឺលោកស្រី កែសួន សុភី បានយកឈ្នះណាហ្គាវើលដ៍ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួររំឭកថា លោក ហុក សុជីវ័ន ដែលធ្លាប់ដឹកនាំ Albirex Niigata Phnom Penh និង Cambodian Tiger បានឈានជើងចូលវិសាខាពេលកកើតដំបូងនៅឆ្នាំ២០១៧ ហើយនាំក្រុមនេះឈ្នះជើងឯក Cambodian Second League នៅឆ្នាំដដែលនោះ។

នៅរដូវកាល២០១៨ដែលជាឆ្នាំដំបូងនៅ MCL វិសាខា បញ្ចប់នៅចំណាត់ថ្នាក់លេខ៣៕ អត្ថបទ៖ CNCC