សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចិន​ជា​អ្នក​បំពេញ​ចន្លោះប្រហោង​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា​

​ស្វី​ស ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជាបាន​ថ្លែង​អះអាងថា ប្រទេស​មហាអំណាច​ចិន​គឺជា​អ្នក​បំពេញ​ភាព​ចន្លោះប្រហោង​ក្នុងការ​អភិវឌ្ឍន៍ សំខាន់​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅក្នុង​ប្រទេស​កម្ពុជា។ សម្តេច​ថ្លែង​បែប​នោះ​នៅក្នុង​ពិធី សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១២០០​នាក់​នៅតាម​បណ្តា​ប្រទេស ក្នុង​តំបន់​អឺរ៉ុប​រយៈពេល​ជិត ៣​ម៉ោង នៅ​យប់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ នោះ។

​សម្ត​ច​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​បកស្រាយ​ផងដែរ​អំពី​បញ្ហា​ពាក់ព័ន្ធ​ការខ្ចី​បំណុល​របស់​ចិន ក៏ដូចជា​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​សម្តេច ហ៊ុន សែន បាន​ឆ្លើយតប​ទៅនឹង​ការ​លើកឡើងថា ចិន​កំពុង​បង្កើត​អន្ទាក់​ដើម្បី​ធ្វើ​អា​ណា​និគម​លើកម្ពុជា​តាមរយៈ ការផ្តល់​កម្ចី​នោះ ដោយ​សម្តេច​បញ្ជាក់ថា កម្ពុជា​បច្ចុប្បន្ន​មិនមែន​ខ្ចី​តែ​ប្រទេសចិន​នោះទេ គឺ​បាន​ខ្ចី​ពី​ប្រទេស​ជា​មិត្ត និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ថែមទៀត​។ ប៉ុន្តែ​អត្រាបំណុល​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន មាន​ត្រឹម​ប្រមាណ​២១​ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ខណៈដែល​ច្បាប់​កម្ពុជា​អនុញ្ញាតឱ្យ​រហូតដល់​ជិត​៤០​ភាគរយ នៃ​ផលិតផល ក្នុងស្រុក​សរុប​នេះ​។​

​សម្តេច ហ៊ុន សែន បន្ថែមថា ការខ្ចី​នេះ​ទៀតសោត កម្ពុជា​បានគិត​គូរ​ល្អិតល្អន់ និង​ច្បាស់លាស់​ណាស់ ពោល​កម្ពុជា​ខ្ចី​តែ​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប​តែប៉ុណ្ណោះ​។​

​សម្តេច​ក៏បាន​ឆ្លៀត​រំលេច​អំពី​តួនាទី​ប្រទេស​ចិន​ថា ចិន​ជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​សាងសង់​ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ​។ សម្តេច​ក៏បាន​ចោទ​ជា​សំណួរ​ថា បើ​គ្មាន​ចិន​ជួយ​ទេ តើន​រណា​បំពេញ​ចន្លោះប្រហោង​របស់​កម្ពុជា​? ។​

​ទន្ទឹម​នោះ​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏ បាន​ថ្លែង​ចំអក​ផងដែរ​ទៅឱ្យ​ប្រទេស​ដែល​រិះគន់​ការវិនិយោគ​របស់​ចិន នៅ​កម្ពុជា​នោះ​ថា ឱ្យ​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​ច្រើន​ដូច​ប្រទេស​ចិន​ទៅ បើ​គេ​ខ្លាច​ចិន​ជះឥទ្ធិពល ខ្លាំង​លើ​កម្ពុជា​តាមរយៈ​ការវិនិយោគ​នេះ​។ ប៉ុន្តែ​កម្ពុជា មិនមាន​ការរើសអើង​សម្រាប់​អ្នកវិនិយោគ​បរទេស​នោះទេ​៕