មូលហេតុ​សំខាន់ៗ​ភ្នំពេញ​ក្រោ​ន​ផ្ទេរ​យក BOOYSEN ជាថ្មី​

បាល់ទាត់ ៖ សក្តានុពល បូក​រួមទាំង​បទពិសោធ​នៅ​ក្របខណ្ឌ Metfone Cambodian League និង​គោលបំណង​សម្រួច​តំបន់​ប្រយុទ្ធ គឺជា​មូលហេតុ​ចម្បង​ដែល​ភ្នំពេញ​ក្រោ​ន​សម្រេចចិត្ត​ជ្រើសរើស Shane Booysen ត្រលប់​ទៅកាន់​កីឡដ្ឋាន RSN ម្ដងទៀត​នាពេល​ថ្មីៗ​។ នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក កែវ សុខ​ង៉​ន ដែលជា​អ្នកចាត់ការ​ក្រុម​។​

​អ្នកចាត់ការ​ក្រុម​ជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ដដែល​បន្ថែមថា កីឡាករ​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ខាងលើ​តែងតែ​បង្ហាញ​ភាពជា​គម្រូ​ដល់​មិត្ត​រួម​នៅ​ទីលាន ហើយ​ភាពជោគជ័យ​អំឡុង​ការលេង​លើកដំបូង​ពី​ឆ្នាំ​២០១៥​ដល់​២០១៧ ក៏​ជះឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​ដែរ​។​

​លោក កែវ សុខ​ង៉​ន ពន្យល់​បែបនេះ ៖”​ដោយសារ​ជា​ចម្បង​យើង​ឃើញ​សក្ដានុពល​របស់ Booysen ដែល​អាចជួយ​ក្រុម​យើង ទោះបី​គាត់​ធ្លាប់មាន​បញ្ហា​របួស​។ យើង​ចង់​បង្កើន​ជម្រើស​ប្រយុទ្ធ​របស់​យើង​ឲ្យ​កាន់តែច្រើន ព្រោះ​ឥឡូវ​យើង​មានតែ Paulo ហើយ Booysen ក៏មាន​ភាព​វៃឆ្លាត និង​បទពិសោធ​នៅ MCL ជោកជាំ​ដែរ ហើយ​ភាពជោគជ័យ និង​សមត្ថភាព​របស់គាត់​ធ្វើ​ឲ្យ​យើង​សម្រេចចិត្ត​នាំ​គាត់​មកវិញ​ម្ដងទៀត​។ Booysen ក៏​ជា​កីឡាករ​បង្ហាញ​ឥទ្ធិពល​លើ​ទីលាន​, ណែនាំ​ក្មេងៗ ឲ្យ​ចេះ​គោរព​គ្នា​ទៅវិញ ហើយ​គាត់​តែងតែ​ជួយ​ភ្នំពេញ​ក្រោ​ន​ជានិច្ចកាល​ខ្ញុំ​នៅ​ជា​ដៃគូ​ប្រយុទ្ធ​ជាមួយគ្នា​”​។​

​គួររំឭកថា Shane Booysen បាន​លើក​ពាន Metfone Cambodian League ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​រដូវ​កាល​២០១៥ មុន​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ជុំទីមួយ ឆ្នាំ​២០១៨​។ គេ​ក៏​បន្ត​លេង​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ជុំទីមួយ រដូវ​កាល​២០១៩៕​អត្ថបទ​៖ CNCC