សម្តេច ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តទទួលយកសំណើ សុំអនុម័តសេចក្តីស្នើ វិសោធកម្មប្រការ២ថ្មី (ពីរ) ប្រការ៥ថ្មី(ពីរ) ប្រការ១០ថ្មី(បី) និងប្រការ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។

ជាមួយគ្នានេះកិច្ចប្រជុំក៍បានអនុម័តទទួលយកសេចក្តីស្នើច្បាប់ចំនួនបី របស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាដែរ។ សេចក្តីស្នើច្បាប់ទំាងបីនោះមាន សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

-ពិធីសារទាក់ទងនិងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន

-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០ (ក)នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ

-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍អន្តរជាតិ៕