លោក Mourinho បដិសេធ​ប្រាក់​ឈ្នួល​កប់​ពពក​របស់​ក្លិប​ចិន​

បាល់ទាត់ ៖ យោងតាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​លោក Jose Mourinho បាន​បដិសេធ​ចំពោះ​ប្រាក់​ឈ្នួល​កប់​ពពក​រហូតដល់ ៨៨ លាន​ផោន​បំបែក​កំណត់ត្រា​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​ក្នុងចំណោម​គ្រូបង្វឹក ដើម្បី​ទៅ​ដឹកនាំ ក្លិប​ចិន Guangzhou Evergrande និងអាចមាន​លទ្ធភាព​ដឹកនាំ​ក្រុម​ជម្រើស​ជាតិចិន​ទៀតផង​។​

​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​អត់​ទាន់​មានការ​ងារ​ធ្វើ​ទេ​ក្រោយ​ចាក​ចេញពី Old Trafford កាល​ខែ ធ្នូ ឆ្នាំ ២០១៨​។​ប៉ុន្តែ​កាល​ដើម​សប្ដាហ៍​នេះ​លោក Mourinho បាន​ជួប​លោក Hui Ka Yan ដែល​គេ​ស្គាល់​ថា​ជា​អ្នកមាន​បំផុត​មួយរូប និង​មាន​ឥទ្ធិពល​ក្នុង​វិស័យ​បាល់ទាត់​ចិន​។ ជំនួប​នេះ​ត្រូវបាន​គេ​រំពឹងថា លោក Mourinho អាច​ត្រឡប់​មកកាន់​ការដឹក​នាំ​ក្លិប​ជាថ្មី​។​

​លោក Hui ជា​អ្នកមាន​បំផុត​នៅ​ប្រទេស​ចិន ដែលមាន​លុយ​រហូតដល់ ២៦,៦ ពាន់​លាន​ផោន និង ជា​ម្ចាស់​ក្រុមហ៊ុន Evergrande Group ហើយ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្លិប Guangzhou Evergrande​។ យ៉ាងណាក្ដី Mourinho មិន​ទទួល​ការងារ​ឡើយ​ដោយ​បុ​រ​ស័​យ​វ័យ ៥៦ ឆ្នាំ​រូបនេះ​ផ្អែកលើ​ហេតុផល​គ្រួសារ​៕