Leicester ​ទិញ​កីឡាករ​ម្នាក់​ពី Monaco ក្នុងតម្លៃបំបែក​កំណត់ត្រា​ក្លិប

បាល់ទាត់ ៖ Leicester City បានប្រកាស​ជា​ផ្លូវការ​នូវ​សមាជិក​ថ្មី​ដែល​នាំចូល​ជាមួយ​តម្លៃ​ខ្លួន​បំបែក​ឯតទគ្គ​កម្ម​ក្លិប ៤០​លាន​ផោន គឺ​កីឡាករ Youri Tielmans ដែល​ផ្ទេរ​មកពី​ក្លិប​បារាំង Monaco ជាមួយ​កុងត្រា ៤​ឆ្នាំ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Goal​។​

​ការប្រកាស​ជា​កីឡាករ​ផ្លូវការ​នេះ ធ្វើ​ក្រោយ​ពេលដែល​ខ្សែបម្រើ​រូបនេះ​បាន​ចំណាយ​រយៈពេល​កន្លះ​រដូវ​កាល​ជាមួយ Leicester City ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​រយៈពេល​កន្លះ​រដូវ​កាល Youri Tielmans បង្ហាញខ្លួន​លើ​វាលស្មៅ​បាន ១៣​ដង រក​គ្រាប់​បាល់​បាន ៣​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បានសម្រេច​ចំនួន ៤​ដង​។​

Youri Tielmans គឺជា​អតីត​យុវជន​របស់​ក្លិប Anderlecht មុននឹង​ត្រូវ​ផ្លាស់​ទៅ​បារាំង​ចូលរួម​ជាមួយ Monaco​។​គួរបញ្ជាក់​ផងដែរ​ថា Youri Tielmans គឺជា​កីឡា​ករទី​បី​ហើយ​ដែល Leicester នាំចូល​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​នេះ បន្ទាប់ពី​កីឡាករ​ពីររូប​មុន​គឺ Ayoze Perez និង James Justin៕