ចាប់ខ្លួនជនជាតិចិន៣នាក់ពាក់ព័ន្ធការនាំលុយចូលកម្ពុជាចំនួន៩០ម៉ឺនដុល្លារគ្មានប្រភពច្បាស់លាស់

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញនៃការិយាល័យគយ និងរដ្ឋាករ ច្រកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដោយមានការសហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ បានធ្វើការចាប់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធការនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់។

ប្រភពពីមន្ដ្រីនៃការិយាល័យគយ និងរដ្ឋាករព្រលានយន្ដហោះអន្ដរជាតិភ្នំពេញបានឲ្យដឹងថា ជនជាតិចិនទាំង៣នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទី១ – ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ, ទី២-ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ពួកគេបានធ្វើដំណើរពីទីក្រុងហុងកុង ប្រទេសចិន មកកាន់កម្ពុជាតាមច្រកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ជើងយន្ដហោះលេខ LQ971 និងទី៣-ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកមកចាំទទួលនៅភ្នំពេញ។

មន្ត្រីគយបញ្ជាក់ថា ក្រោយត្រួតពិនិត្យ ជំនាញបានរកឃើញប្រាក់ដុល្លារដែលជនសង្ស័យ ដាក់ក្នុងកាបូបយួរដៃ៣ ដែលមានទឹកប្រាក់សរុបចំនួន ៩០០,០០០ដុល្លារ (កៅសិបម៉ឺនដុល្លារ) ដោយអ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះឡើយ។ ម្យ៉ាងវិញទៀតដោយសារការនាំចូលក្រដាសប្រាក់ទាំងនោះមានចំនួនច្រើន និងពុំមានប្រភពច្បាស់លាស់ ថែមទាំងមិនបង្ហាញពីគោលដៅការនាំប្រាក់ចូលទាំងនោះឲ្យបានច្បាស់លាស់ ទើបការិយាល័យត្រួតពិនិត្យគយ នៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដងដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕