ឥណ្ឌូនេស៊ីនឹងបញ្ជូ​នសំរាម​ជាង​២១០​តោន​ត្រឡប់ទៅប្រទេស​អូស្ត្រាលី​វិញ​

ឥណ្ឌូនេស៊ី ៖ ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​បញ្ជូន​សំរាម​ជាង​២១០​តោន​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​ខណៈដែល​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បដិសេធ​ការបម្រើ​ធ្វើជា​កន្លែង​ចាក់សំរាម​សម្រាប់​សំរាម​បរទេស​។​

​អ្នកនាំពាក្យ​របស់​ភ្នាក់ងារ​គយ​ខេត្ត​ជ្វា​ខាងកើត​បាន​ប្រាប់ AFP ថា កុងតឺន័រ​ចំនួន​៨​ដែល​រឹបអូស​បាន​នៅក្នុង​ទីក្រុង Surabaya គួរតែមាន​ក្រដាស​សំរាម​តែប៉ុណ្ណោះ​ប៉ុន្តែ​អាជ្ញាធរ​ក៏បាន​រកឃើញ​សម្ភារៈ​គ្រោះថ្នាក់​និង​សំរាម​ក្នុងផ្ទះ​រួមទាំង​ដប​ប្លា​ស្ទិ​ក​និង​កញ្ចប់ កន្ទប​ទារក​ដែល​ប្រើ​ហើយ កាកសំណល់​អេ​ឡិច​ត្រូ​និ​ច​និង​កំប៉ុង​ផងដែរ​។​

​ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា បន្ទាប់ពី​ការត្រួតពិនិត្យ ក្រសួងបរិស្ថាន​ឥណ្ឌូនេស៊ី​បានផ្តល់​អនុសាសន៍​ថា “​របស់​ទាំងនេះ​ត្រូវតែ​នាំចេញ​ទៅវិញ​”​។​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា រឿងនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ការពារ​បរិយាកាស​សាធារណៈ​និង​បរិស្ថាន​ឥណ្ឌូនេស៊ី​ជាពិសេស​នៅក្នុង​ខេត្ត​ជ្វា​ខាងកើត​។​

​អាជ្ញាធរ​បាន​និយាយថា ក្រុមហ៊ុន​អូស្ត្រាលី Oceanic Multitrading បាន​បញ្ជូន​កាកសំណល់​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដោយមាន​ជំនួយ​ពី​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី PT. MDI​។ ការសម្រេចចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៨​ដើម្បី​ហាមឃាត់​ការ​នាំចូល​កាកសំណល់​ប្លា​ស្ទិ​ក​បរទេស​បានធ្វើ​ឲ្យ​ការកែច្នៃ​ឡើងវិញ​នៅ​ទូទាំង​សកលលោក​ធ្លាក់ចូល​ទៅក្នុង​ភាពវឹកវរ​ដែល​បណ្តាល​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ខិតខំ​ស្វែងរក​ទីតាំង​ដើម្បី​បញ្ជូន​កាកសំណល់​របស់​ពួកគេ​។​

​ចាប់តាំងពី​ពេលនោះ​មក បរិមាណ​សំរាម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​បញ្ជូន​បន្តទៅ​តំបន់​អាស៊ីអាគ្នេយ៍​។​ប្រទេស​ឥណ្ឌូនេស៊ី​បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​បាន​បញ្ជូន​ត្រឡប់​នូវ​កាកសំណល់​ចំនួន​៤៩​កុងតឺន័រ​ទៅកាន់​ប្រទេស​បារាំង​វិញ​និង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​។​

​កាលពី​ខែឧសភា ប្រទេស​ម៉ាឡេស៊ី​បានប្រកាសថា ខ្លួន​នឹង​ដឹកជញ្ជូន​កាកសំណល់​ប្លា​ស្ទិ​ក​ដែល​នាំចូល​ចំនួន​៤៥០​តោន​ត្រឡប់​ទៅ​ប្រភព​របស់ខ្លួន​វិញ​រួមមាន​ដូចជា​ប្រទេស​អូស្ត្រាលី បង់​ក្លា​ដែ​ស កាណាដា ចិន ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត​និង​សហរដ្ឋអាមេរិក​។​ទន្ទឹមនឹង​នេះដែរ ប្រទេស​ហ្វីលីពីន​បាន​បញ្ជូន​ត្រឡប់​នូវ​សំរាម​ចំនួន​៦៩​កុងតឺន័រ​ទៅ​ប្រទេស​កាណាដា​វិញ​កាលពី​ខែ​មុន​ដើម្បី​បញ្ចប់​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ​៕