ចិនទទូចឲ្យសហរដ្ឋអាមេរិក លុបចោលវិញជាបន្ទាន់នូវគម្រោងលក់សព្វាវុធ​ឲ្យ​​កោះតៃវ៉ាន់

ប៉េកាំង ៖ ទីក្រុងប៉េកាំងនាថ្ងៃអង្គារម្សិលមិញ បានចេញមុខទទូចឲ្យសហរដ្ឋអាមេរិកគោរពតាមការ​ប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ និងលុបចោលវិញជាបន្ទាន់នូវគម្រោងលក់សព្វាវុធ​ឲ្យ​​កោះតៃវ៉ាន់ និងបានបន្តស្នើឲ្យទីក្រុងវ៉ាស៊ីនតោនផ្តាច់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ថែមទៀត។ នេះបើតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយដូច្នេះថា «ចិនទទូចឲ្យសហរដ្ឋអាមេរិក គោរពតាមការ​ប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ ព្រមទាំងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក ហើយលុបចោល​វិញនូវគម្រោងលក់សព្វាវុធផ្សេងៗឲ្យតៃវ៉ាន់ និងកាត់ផ្តាច់ចំណងទាក់ទងផ្នែកយោធាជាមួយតៃវ៉ាន់ ដើម្បីជៀសវាងការ​​បំផ្លិចបំផ្លាញទំនាក់ទំនងទ្វេភាគីរបស់យើង ក៏ដូចជាសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»។

លោក Geng ធ្វើការអត្ថាធិប្បាយបែបនេះ ដើម្បីជាការឆ្លើយតបចំពោះគម្រោងលក់សព្វាវុធទំហំ២.២ពាន់លាន​ដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន ទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមមានទាំងរថក្រោះ M1A2 Abram និងមីស៊ីលកម្ទេចយន្តហោះ​ Stinger ជាដើម។

​គួរបញ្ជាក់​ជាថ្មី​ថា កោះ​តៃវ៉ាន់​បាន​គ្រប់គ្រង​ដាច់ដោយឡែក​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ ១៩៤៩​មក​ប៉ុន្តែ​ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា​នឹង​គ្រប់គ្រង​កោះ​នេះ​ដោយ​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់​៕