តួកគី​បញ្ជា​ឲ្យ​ចាប់ខ្លួន​យោធា១៧៦ នាក់​ពីបទ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​

​តួកគី ៖ ការិយាល័យ​ប្រមុខរដ្ឋ​អាជ្ញា​ក្រុង​អ៊ី​ស្តង់​ប៊ុល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​តួកគី​បាន​បញ្ជា​ឲ្យ​មានការ​ចាប់ខ្លួន​មន្ត្រី​យោធា​ចំនួន១៧៦នាក់ដែលមានការ​សង្ស័យថា ​​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ដែល​ក្រុង​អង់កា​រ៉ា​និយាយថា ​ស្ថិតនៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​បី​ឆ្នាំមុន។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ក្នុងចំណោម​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ការចាប់ខ្លួន​ទាំងនោះ​រួមមាន​វរសេនីយឯក​ម្នា​ក់ នាយ​វរសេនីយទោ២នាក់ វរសេនីយត្រី៥នាក់ មេបញ្ជាការ៧នាក់ និង​អនុសេនីយត្រី ១០០នាក់​ក្នុង​ប្រតិបត្តិ​ការដែល​រួមបញ្ចូល​ទាំង​កងទ័ព ទ័ពអាកាស និង​កង​នាវាចរ​។​

​ក្រុង​អង់កា​រ៉ា​និយាយថា បុព្វ​ជិត​មូស្លីម Fethullah Gulen ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បានធ្វើ​ជា​មេគំនិត​លើ​ការបរាជ័យ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែ​គាត់​បាន​បដិសេធ​ការចូលរួម​ណាមួយ​ក្នុងការ​ប៉ុនប៉ង​នោះ។​

​នៅក្នុង​ការ​បោសសម្អាត​រយៈពេល៣ឆ្នាំ​ចាប់តាំងពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មនុស្ស​ជាង ៧៧,០០០ នាក់​ត្រូវបាន​ដាក់ពន្ធនាគារ និង​កំពុង​រង់ចាំ​ការជំនុំជម្រះ​ក្ដី ហើយ​មន្ត្រីរាជការ​ស៊ីវិល បុគ្គលិក​យោធា និង​អ្នក​ផ្សេងទៀត​ប្រមាណ១៥០,០០០នាក់​ត្រូវបាន​គេ​បណ្តេញចេញ ឬ​ត្រូវបាន​បញ្ឈប់​ពី​ការងារ​របស់​ពួកគេ។​

​ក្រុម​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​ប្រទេសតួកគី និង​អង្គការសិទ្ធិមនុស្ស​បាន​រិះគន់​កម្រិត​នៃ​ការបង្ក្រាប​នេះ​ដោយ​និយាយថា លោក​ប្រធានាធិបតី Tayyip Erdogan បាន​ប្រើ​រដ្ឋប្រហារ​ដែល​មិនបាន​សម្រេច​នេះ​ជា​លេស​ដើម្បី​កម្ចាត់​ពួក​អ្នកប្រឆាំង។​

​ក្រុង​អង់កា​រ៉ា​បាន​ការពារ​ការបង្ក្រាប​នេះ​ជាការ​ឆ្លើយតប​ចាំបាច់​ចំពោះ​កម្រិត​នៃ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ដែល​ប្រទេសតួកគី ​កំពុង​ប្រឈមមុខ​ដោយ​ប្តេជ្ញា​លុបបំបាត់​បណ្តាញ​របស់លោក Gulen៕