អ៊ីរ៉ង់​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម​លើស​ដែន​កំណត់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

​អ៊ីរ៉ង់ ៖ ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ​បាន​បំពាន​ការដាក់​កម្រិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​កំណត់ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ​ហើយ​បាន​ព្រមាន​អឺរ៉ុប​ប្រឆាំងនឹង​ការចាត់វិធានការ​សង​សឹក​ស្របពេល​ប្រទេស​បារាំង​សម្រេច​បញ្ជូន​បេសកជន​ទៅកាន់​ទីក្រុង​តេ​អេ​រ៉ង់​ដើម្បី​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​។​

​ទង្វើ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​រវាង​មហាអំណាច​ពិភពលោក​និង​ទីក្រុង​តេ​អេ​រ៉ង់​ដែល​បាន​និយាយថា ខ្លួន​អស់​ការអត់ធ្មត់​ហើយ​ដោយសារតែ​ភាព​អសកម្ម​របស់​ដៃគូ​អឺរ៉ុប​ដែល​នៅ​សេសសល់​។​

​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បន្ទាប់ពី​ការបោះ​ជំហាន​ចុងក្រោយ​របស់​ទីក្រុង​តេ​អេ​រ៉ង់ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានធ្វើ​កិច្ចពិភាក្សា​ជាមួយ​សម​ភាគី​បារាំង លោក Emmanuel Macron ស្តីពី​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​ធានាថា អ៊ីរ៉ង់​មិន​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ​ទេ​និង​បញ្ចប់​ឥរិយាបថ​អស្ថិរភាព​របស់​អ៊ីរ៉ង់​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។

​ការ​កើន​លើស​កម្រិត​បរិមាណ​រប​ស់​អ៊ីរ៉ង់​និង​ការ​ចម្រាញ់​ឈានដល់​៤.៥​ភាគរយ​គឺ​ត្រូវបាន​ប្រកាស​ដោយ​អ្នកនាំពាក្យ​នៃ​អង្គការ​ថាមពលបរមាណូ​របស់​ប្រទេស​នេះ​លោក Behrouz Kamalvandi​។​លោក​បាន​ថ្លែងថា “​កម្រិត​នេះ​គឺ​បំពេញបាន​ទាំងស្រុង​នូវ​តម្រូវការ​ប្រេង​របស់​រោងចក្រ​ថាមពល​”​។​

​លោក Kamalvandi បាន​លើកឡើងថា សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​អាច​បន្ត​ការ​ចម្រាញ់​ក្នុង​កម្រិត​បែបនេះ​ក្នុងពេល​បច្ចុប្បន្ន​ដែល​ស្ថិតក្រោម​កម្រិត​៩០​ភាគរយ​ដែល​ត្រូវការ​សម្រាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ UN គឺ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) បាន​បញ្ជាក់ថា អ៊ីរ៉ង់​បាន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់​កម្រិត​មួយ​ខ្ពស់ជាង​ការកំណត់​ក្នុង​កិច្ចព្រមព្រៀង​។​ទន្ទឹម​នោះ សហភាព​អឺរ៉ុប​បាន​និយាយថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្តន៍​នេះហើយ​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​ច្រានចោល​សកម្មភាព​ទាំងអស់​ដែល​មិន​ស្របតាម​ការសន្យា​របស់​ខ្លួន​។​

​ប្រទេស​បារាំង អាល្លឺម៉ង់​និង​ចក្រភព​អង់គ្លេស​ដែលជា​ដៃគូ​អឺរ៉ុប​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ក៏បាន​ជំរុញ​ឲ្យ​ទីក្រុង​តេ​អេ​រ៉ង់​ផ្អាក​ការបន្ត​របស់ខ្លួន​ឆ្ពោះទៅរក​ការរំលោភបំពាន​ផងដែរ​ខណៈ​ទីក្រុង​ប៉ារីស​បាន​និយាយថា ខ្លួន​កំពុង​បញ្ជូន​បេសកជន​ពិសេស​មួយរូប​ទៅកាន់​ទីក្រុង​តេ​អេ​រ៉ង់​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​ដើម្បី​ព្យាយាម​និង​បន្ធូរបន្ថយ​ភាព​តានតឹង​៕