ឃាត់ខ្លួនស្រ្តីវ័យចំណាស់ម្នាក់ពីបទឆបោក និងធ្វើអាជីវកម្មលើផ្លូវភេទ        

ខេត្តក្រចេះ ៖ ដោយមានចង្អុលបង្ហាញ អនុញ្ញាតិពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី០៩ខែកក្កដា ឆ្នាំ ២០១៩ម្សិលមិញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនបានធ្វើការឃាត់ខ្លួនស្រ្តីវ័យចំណាស់ម្នាក់ជាមេខ្យល់ឆបោក និងធ្វើអាជីវកម្មលើផ្លូវភេទ យកមកធ្វើការសួរនាំ និងកសាងសុំណុំរឿង ចាត់ការតាមផ្លូវច្បាប់។

តាមរបាយការណ៍បានបង្ហាញថា កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៨ មេខ្យល់ ឈ្មោះ ថាប់ ឆេងលឹង ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានមកផ្ទះ ឈ្មោះ ឆាយ ប៉ាត ឃោសនាអូសទាញឲ្យចៅស្រីរបស់គាត់ ឈ្មោះ ប៉ាត គុន្ធា អាយុ១៥ឆ្នាំទៅធ្វើការនៅប្រទេសចិន មានប្រាក់ឈ្នួលខ្ពស់ ហើយរាល់ការចំណាយផ្សេងៗ មេខ្យល់ជាអ្នកចំណាយទាំងអស់។ ដោយជឿតាមការឃោសនានេះ ឈ្មោះ ឆាយ ប៉ាត និងជនរងគ្រោះក៏យលព្រម។

របាយការណ៍បន្តថា នៅអំឡុងខែសីហា ឆ្នាំ២០១៩ មេទ្យល់បានឲ្យឈ្មោះ ឆាយ ប៉ាត នាំចៅស្រីឡើងមកភ្នំពេញ ដោយមានឈ្មោះ ម៉ុក ឌុល ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ កូនបង្កើតរបស់ឈ្មោះ ថាប់ ឆេងលឹង យកម៉ូតូកង់បីមកទទួល យកទៅផ្ទះជួលមួយកន្លែង ម្តុំផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ របាយការណ៍បន្តទៀតថា ពេលនោះបានជួប ឈ្មោះ ថាប់ ឆេងលឹង និងស្នាក់នៅទីនោះអស់ រយៈពេលបីយប់ ទើបឈ្មោះ ឆាយ ប៉ាត វិលត្រឡប់មកផ្ទះឯខេត្តក្រចេះវិញ ដោយទុកចៅស្រីនៅផ្ទះឈ្មោះ នាទ ដើម្បីរៀបចំឯកសារ និងបញ្ជូនទៅប្រទេសចិន។

របាយការណ៍បញ្ជាក់ថា រហូតរយៈ២០ថ្ងៃ ក្រោយមក ឈ្មោះ ថាប់ ឆេងលឹង ត្រឡប់មកដល់ផ្ទះនៅរកាធំ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះវិញ ហើយក៏មកផ្ទះ ឆាយ ប៉ាត ប្រាប់ថា ចៅស្រីបានទៅដល់ប្រទេសចិនហើយ និងបានឲ្យលុយចំនួន៥០០ដុល្លារ ទៅឈ្មោះ ឆាយ ប៉ាត ដោយយប្រាប់ថា ចៅស្រីផ្ញើមក។ លុះដល់មួយខែក្រោយមកឈ្មោះ ថាប់ ឆេងលឹង បានប្រាប់ទៅឈ្មោះ ឆាយ ប៉ាត ថា ចៅស្រីសុខសប្បាយទេ។ ហើយចាប់ពីពេលនោះមកបាត់ដំណឹងចៅស្រីរហូត ពេលដែលទៅសួរដំណឹងចៅស្រី  ឈ្មោះ ថាប់ ឆេងលឹង ឆ្លើយដោះ សារតែរហូត។  ចំណែកនាង ប៉ាត គន្ធា ត្រូវបានមេខ្យល់យកទៅលក់ ឲ្យបុរសម្នាក់ជាជនជាតិធ្វើជាប្រពន្ធ។ ហើយយត្រូវបានសមត្ថកិច្ចចិនចាប់ឃុំខ្លួនអស់រយៈពេល៦ខែ ទើបបញ្ជូនឲ្យត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ថ្មីៗនេះ៕ ដោយ ៖ ស៊ានច្ទ័ដា