សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ក្នុង​ថ្ងៃ​ខួប​៣​ឆ្នាំ​សព​លោក កែម ឡី​

​ភ្នំពេញ ៖ ក្រុមមនុស្ស​មួយចំនួន​បាន​ព្យាយាម​ប្រមូល​ប្តុំ​គ្នា​នៅ​ចំណុច​ស្ថានីយ​ប្រេង​កាល់​តិច ស្តុ​ប​បូកគោ សង្កាត់​ទន្លេបាសាក់ ចំ​ថ្ងៃ​រម្លឹក​ខួប​៣​ឆ្នាំ នៃ​ការបាញ់ប្រហារ​លោក ​កែម ឡី ខណៈដែល​ក្រុម​សមត្ថកិច្ច​ជាច្រើន​នាក់​ក៏ត្រូវ​បានដាក់​ពង្រាយ​នៅ​ចំណុច​នោះ​ផងដែរ ដើម្បី​ការពារ​ និង​ទប់ស្កាត់​មិន​ឲ្យ​មានការ​ប្រារព្ធ​ពិធី​ផ្សេងៗ នៃ​ការបាញ់សម្លាប់​លោក កែម ឡី។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ការដាក់​ពង្រាយ​កម្លាំង​នោះ​គឺ​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ម្ចាស់​ទីតាំង ព្រោះ​ទីតាំង​នោះ​ជាទី​តាំង​ឯកជន ហើយក៏​ជា​កន្លែង​ប្រេងសាំង​ដែល​ងាយ​នឹងរង​គ្រោះ​អគ្គិភ័យ​។

​ជាមួយគ្នានេះ ​បើតាម​សេចក្តីរាយការណ៍​នៅ​ព្រឹក​នេះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែលជា​អ្នក​ផ្ដួចផ្ដើម​ការដឹកនាំ នៃ​ការ​ប្រារព្ធ​ពិធី ដើម្បី​យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​ចាត់វិធានការ​បន្ដ​ផងដែរ។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​នោះ​គឺ​លោក រ៉ុង ឈុន ក៏មាន​វត្ត​មាននៅ​ទីតាំង​ខាងលើ​នេះដែរ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ណែនាំ និង​ពន្យល់​ពី​ហេតុផល​ហាមឃាត់​លោក ក៏បាន​ត្រលប់​ទៅវិញ​តាម​សម្រួល៕