មន្រ្តីអាមេរិក ៖ ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់ គឺ​ដើម្បី​ជំរុញ​សន្តិភាព​ក្នុង​តំបន់​

​វ៉ា​ស៊ិន​តោន ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Morgan Ortagus បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត​អនុម័ត​លើ​ការលក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​២,២​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​នៅ​ដើម​សប្តាហ៍​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​សន្តិភាព​ក្នុង​តំបន់​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Sputnik​។​

​ក្រសួងការពារជាតិ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បានប្រកាសថា​ក្រសួង​បាន​ចុះហត្ថលេខា​លើ​សំណើ​របស់​កោះ​តៃវ៉ាន់​ដើម្បី​ទិញ​រថក្រោះ M1A2T Abrams ជាង ១០០ និង​សម្ភារ​ពាក់ព័ន្ធ​ដែលមាន​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​។ ក្រសួង​បាន​បញ្ជាក់ថា​ សហរដ្ឋអាមេរិក​ក៏បាន​យល់ព្រម​លក់​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ចំនួន​២៥០ ដើម​ដែលមាន​តម្លៃ​ប្រហែល ២២៤​លាន​ដុល្លារ​។​

​លោកស្រី Morgan Ortagus បាន​បន្ថែមថា ​ទោះ​មាន​កិច្ចព្រមព្រៀង​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​ក្ដី ប៉ុន្តែ​អាមេរិក​នៅមាន​ការគោរព​គោលនយោបាយ​ចិន​តែមួយ​របស់​យើង នឹងមិន​ប្រែប្រួលឡើយ​។ គោលនយោបាយ​ចិន​តែមួយ គឺ​ការ​ទទួលស្គាល់ថា​ តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន​។​

​ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​ជំរុញ​ឲ្យ​អាមេរិក​លុបចោល​ការលក់​អាវុធ​ដែល​បានគ្រោង​ទុក ​និង​បញ្ឈប់​ទំនាក់ទំនង​យោធា​ណាមួយ​ជាមួយ​តៃវ៉ាន់​ដើម្បី​ចៀសវាង​ការធ្វើឱ្យ​ខូច​ទំនាក់ទំនង​ទ្វេភាគី​ ឬ​ស្ថិរភាព​នៅ​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់​៕